
(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី២ ក្នុងខែមិនាឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥ និងថ្ងៃអាទិត្យទី១៦ មិនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មី ឱ្យ មានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យវិញនឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ ពីរបាំប្រពៃណីរបស់ដូនតាខ្មែរយើង។ នេះជាការឱ្យដឹងរបស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ មិនា ២០២៥នេះ ។
លោកស្រី បន្តថា៖ នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥ មីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល ១ខែ កន្លះហើយ ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។ ចុងសប្តាហ៏ទីនេះ នៅទីតាំងផ្លូវថ្មើរជើង (Walk Street) នឹងមានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាប៉ីដងវែង ។
ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះកើនឡើងជាលំដាប់ ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋក៏បានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី,រៀបចំបណ្ណាល័យចល័ត ,មានដាក់ស៊ីក្លូរត់ទៅមកម្ដង ៥គ្រឿង ទៅ៥ មក ៥គ្រឿង ជួយអភិរក្សស៊ីក្លូផង ជួយសម្រួលដល់ចាស់ៗពិបាកដើរផង និងជនពិការ ,ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និង បន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ និមួយៗ រហូតដល់ម៉ោង ១១:០០នាទីយប់។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង ២ថ្ងៃ ក្នុង ១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕




















You must be logged in to post a comment.