Thu. Nov 27th, 2025

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានឧបត្ថម្ភ ២០លានរៀលនិងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages)  និងលោកជំទាវ គឹម ចាន់ណា ដែលបានឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការសម្តែងចាប៉ីដងវែងនៅទូទាំងប្រទេសកម្ពុជា។

ការប្រកាសឧបត្ថម្ភគាំទ្របែបនេះរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្នុងពិធីអបអរសាទរខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២នៅផ្សារទំនើប ជីប ម៉ុង ២៧១ ដោយមានការចូលរួមសម្តែងដោយអ្នកនាង ម៉េង កែវពេជ្ជតា, លោកគ្រូ អ្នកគ្រូ ចាប៉ីដងវែង សិល្បកររាមច្បងគ្រប់ទម្រង់ជាច្រើនរូបផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានក្តីសោមនស្ស ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រទេសកម្ពុជា, ជាមួយបងប្អូនសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅផ្សារទំនើបជីប ម៉ុង មេហ្គាម៉ល ២៧១ នេះ ដើម្បីអបអរសាទខួបលើកទី៩ ដែល ចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ នេះជាភស្តុតាងនៃការទទួលស្គាល់របស់ពិភពលោកចំពោះសមត្ថភាពបែបច្នៃប្រឌិត និងប្រវត្តិសាស្ត្រវប្បធម៌ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា ចាប៉ីដងវែង គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ដូនតា ដែលបានបង្រួមបញ្ចូលរវាង ភាសា តន្ត្រី និងប្រាជ្ញាខ្មែរយើង។ វាមិនត្រឹមជាឧបករណ៍តន្ត្រី ឬតន្ត្រីសម្រាប់ការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែចាប៉ីដងវែង ជាវិធីនៃការបង្ហាញគំនិត ការអប់រំ និងការចែករំលែកអារម្មណ៍រីករាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ ពេលវេលាចេះតែវិវត្ត យើងសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយៗនេះ យុវសិល្បកររបស់យើងបានបន្ថែមនូវគំនិតច្នៃប្រឌិត និងបានបង្កើតបទចម្រៀងថ្មីៗ ដោយបានរួមបញ្ចូលនូវសូរសំនៀងចាប៉ីជាមួយ ដែលធ្វើឱ្យបទភ្លេង និងបទចម្រៀងកាន់តែមានរសជាតិពិសេសប្លែក, ជាក់ស្តែង ដូចជា បទ Time to Rise ដែលលេង ច្រៀង និងសម្តែងរួមគ្នារវាង ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និង ប្អូន វណ្ណដា ជាដើម។ សំឡេងចាប៉ី គឺជាសំឡេងនៃការចងចាំអតីតកាល និងជាសំឡេងនៃក្តីសង្ឃឹមសម្រាប់អនាគត។

ទន្ទឹមនឹងគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សូមសម្តែងនូវការកោតសរសើរចំពោះតារាចម្រៀងរាមច្បងអ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី ដែលតែងតែផ្សាភ្ជាប់រំលេចវត្តមានឧបករណ៍ភ្លេងបុរាណខ្មែរ ពិសេសចាប៉ីដងវែង នេះតែម្តង នៅក្នុងបទចម្រៀង និងការសម្តែងនៅលើឆាកតន្ត្រីនានារបស់ខ្លួន។ ពិសេសនៅថ្ងៃនេះ បងស្រី ម៉េង កែវពេជ្ជតា រួមគ្នាជាមួយសិល្បកររាមច្បងជាច្រើននាក់ និងក្រុមហ៊ុន ជីប ម៉ុង បានបង្កើតនូវព្រឹត្តិការណ៍គួរឱ្យចងចាំមួយ គឺពួកយើងរួមគ្នាអបអរសាទរចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ខួបលើកទី៩។

ក្នុងនាមសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាមានមោទនភាពចំពោះដូនតា ដែលបានបន្សល់ទុកនូវមរតកសិល្បៈ វប្បធម៌ រូបី និងអរូបី ដ៏សំបូរបែបអស្ចារ្យនៅលើដែនដីដ៏ពិសិដ្ឋមួយនេះ។ ហើយកាន់តែមោទនភាពខ្លាំងឡើងបន្ថែមទៀត នៅពេលដែលសម្បត្តិវប្បធម៌កម្ពុជាជាច្រើនទម្រង់ត្រូវបានគេកោតសរសើរ, ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ រូបី អរូបី របស់អង្គការយូណេស្កូជាបន្តបន្ទាប់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា សិល្បៈវប្បធម៌ មិនត្រឹមតែជាអត្តសញ្ញាណរបស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែសព្វថ្ងៃ វាក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ដូច្នេះ ទើបយើងមើលឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំពារ ថែរក្សាសម្បត្តិសិល្បៈវប្បធម៌ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពល។

លើសពីនេះ ក្រៅពីការងារជាច្រើននៅក្នុងស្រុក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានអមដំណើរជាមួយនឹងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយករបាំព្រះរាជទ្រព្យទៅសម្តែងនៅអឺរ៉ុប កាលពីដើមឆ្នាំ២០២៥ ហើយនៅចុងឆ្នាំនេះ យើងកំពុងរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅប្រទេសបារាំង ដោយនាំយកសិល្បៈបុរាណខ្មែរ ដូចជា របាំកល្យាណីទេវី និងរបាំស្វា រួមជាមួយនឹងទំនើបកម្មថ្មីនៃវិស័យចម្រៀងរ៉េបកម្ពុជា ដែលមានតារាចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ទៅសម្តែងនៅលើឆាកអន្តរជាតិ ក្នុងនោះក៏មានការជួយឧបត្ថម្ភធំពី ក្រុមហ៊ុន ជីប ម៉ុង លែន របស់អ្នកឧកញ៉ា លាង ម៉េង ផងដែរ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សង្ឃឹមយ៉ាងមុតមាំថា នៅពេលខាងមុខ យើងនឹងអាចនាំយកចាប៉ីដងវែង រួមជាមួយនឹងសិល្បៈបុរាណខ្មែរជាច្រើនផ្សេងទៀត ទៅសម្តែងនៅក្រៅប្រទេសកាន់តែផុលផុសច្រើនឡើង។ ពួកយើងជឿជាក់ថា ចាប៉ីដងវែង នឹងបន្តជាសម្រស់នៃអត្តសញ្ញាណខ្មែរ និងជាភាសាសកលដែលអាចភ្ជាប់ចិត្តមនុស្សជាតិឲ្យស្គាល់ និងស្រឡាញ់ប្រទេសកម្ពុជាយើងកាន់តែច្រើន។ សូមឱ្យសំឡេងចាប៉ីដងវែង បន្តរីករាលដាលទូទាំងប្រទេស និងពិភពលោក៕ ផ្សាយ៖ កន ចុំណាន

You missed

error: Content is protected !!