
ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning (PCL) លោក Travis Johnson Christian នៅថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤) បានសម្តែងនូវការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ។ នាយកប្រតិបត្តិអង្គការ P CL រូបនេះ ចាត់ទុកការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន ដ្បិតកងទ័ពថៃបានបង្កឱ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់។
លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL បានលើកឡើងទាំងក្តីរំជួលចិត្តថា៖ «ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ វាជារឿងសោកស្តាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យកម្ពុជា បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែង និងភូមិឋាន»។ លោកបានបញ្ជាក់បន្ថែមថា លោកនឹងផ្សព្វផ្សាយការពិតនៃរំលោភបំពាននេះទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។
ជាការឆ្លើយតប ឯកឧត្តម កែប ជុតិមា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូដែលបានស្វែងយល់ការពិត នៃការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ភាគីថៃ។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថា បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់ តាមរយៈការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយអាណានិគមបារាំង និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។ ឯកឧត្តម កែប ជុតិមា បន្តថា សន្តិភាពនៅតែជាគុណតម្លៃស្នូល ហើយ កម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា ក៏បានជម្រាបជូនគណៈប្រតិភូអង្គការអន្តរជាតិ People for Care and Learning (PCL)ថា ឆ្នាំ២០២៦ គឺជាឆ្នាំពិសេសមួយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជំរុញសន្តិភាព និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។ នេះគឺជាមោទនភាពដែលគុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ និងពង្រឹងនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០៤។ ក្រៅពីជំនួបពិភាក្សា គណៈប្រតិភូក៏បានស្វែយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្នូលទាំង៤ របស់រដ្ឋសភា រួមមាន៖ នីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាង និងការទូតសភា តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕






You must be logged in to post a comment.