Wed. Mar 4th, 2026

ឯកអគ្គរដ្ឋទូតថ្មីអូទ្រីស សន្យាខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា។

នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំកម្ពុជា។ សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកជំទាវ មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីស បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស។ សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកជំទាវ នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអូទ្រីសកាន់តែរីកចម្រើនបន្តទៀត។

លោកជំទាវ Katharina WIESER បានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ១៩៥៦ មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក។ លោកជំទាវ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។ លោកជំទាវបានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ។

ជាការឆ្លើយតប សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូទ្រីសដែលមានរយៈកាល ៧០ឆ្នាំ ដែលសម្ដេចតេជោ ចាត់ទុកថាជាទំនាក់ទំនងមួយដែលមានដំណើរដ៏វែងឆ្ងាយ ។

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។

សម្ដេចតេជោសង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកជំទាវ ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក នាពេលបច្ចុប្បន្នជាមួយលោកជំទាវឯកអគ្គរដ្ឋទូតផងដែរ ហើយក៏ឆ្លៀតឱកាសពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងកន្លងមក ហើយពេលនេះ ប្រទេសទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណា អនុវត្តនូវបទឈប់បាញ់ឱ្យបានល្អប្រសើរ ក្នុងការធានានូវស្ថិរភាពតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា ។

You missed

error: Content is protected !!