
ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ
ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ជាធម្មតាឡើងវិញ»។
ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។
គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។
ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕







You must be logged in to post a comment.