
មន្រ្តីក្រសួងមហាផ្ទៃ បានចុះស៊ើបអង្កេតផ្ទាល់លើអភិបាលស្រុកត្បែងមានជ័យ ករណីរងការចោទប្រកាន់ ចាប់រំលោភមិនបានសម្រេចលើមន្ត្រីក្រោមឱវាទ!
ព្រះវិហារ៖ មន្ត្រីជាស្រ្តីបម្រើការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារម្នាក់ អះអាងថាអភិបាលស្រុកត្បែងមានជ័យ ឈ្មោះ នុត សោភ័ណ្ឌ បានបៀតបៀនផ្លូវភេទលើខ្លួនជាច្រើនដងអំឡុងពេលបំពេញភារកិច្ច។
ស្រ្តីដែលជាជនរងគ្រោះទទូចឱ្យរដ្ឋាភិបាលកម្ពុជា ពិសេសតុលាការស្វែងរកយុត្តិធម៌ដល់ខ្លួន ខណៈជនបង្កបានគំរាមដកតួនាទីស្រ្តីរូបនោះចេញពីក្របខ័ណ្ឌ។
ជនរងគ្រោះឈ្មោះ សួគ៍ចាន់ពិសី មានតួនាទីជាប្រធានអង្គភាពប្រតិកម្មរដ្ឋបាលស្រុកត្បែងមានជ័យបានឲ្យដឹងថា៖
លោកស្រីបានចូលបំរើការងារនេះអស់រយ:ពេលជាង១០ឆ្នាំមកហើយចាប់ផ្តើមឆ្នាំ២០១៤ រយ:ពេលបីឆ្នាំចុងក្រោយនេះបុគ្គលឈ្មោះ នុតសោភ័ណ្ឌ ដែលជាអភិបាលស្រុកត្បែងមានជ័យ រោគចិត្តរូបនេះបានប្រព្រិត្តសកម្មភាពថោកទាបលូកលាន់ព្រមទាំងប្រើប្រាស់ពាក្យលេបខាយបំពានទៅលើរាងកាយលោកស្រីជាបន្តបន្ទាប់។
នេះជាការអះអាងប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបានបន្តថាបុគ្គលឈ្មោះនុតសោភ័ណ្ឌ នេះបានបៀតបៀនផ្លូវភេទដោយផ្ទាល់និងដោយប្រយោលតាំងពីឆ្នាំ២០២២មកម្លេះ។
រហូតមកដល់ឆ្នាំ២០២៤សកម្មភាពបៀតបៀនបានកើតមានញឹកញាប់ធ្វើឲ្យលោកស្រីទ្រាំលេងបានតទៅទៀត។
ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រះវិហារប៉ុន្តែមិនទាន់មានការដោះស្រាយនៅឡើយរហូតមកទល់ពេលនេះ។
ម្យ៉ាងទៀតដោយសារខ្លាចបាត់បង់ការងារក្របខ័ណ្ឌដែលមានអតីត:ភាពយូរមកហើយលោកស្រីបានគេចចេញពីអភិបាលស្រុកខាងលើនេះខណ:ជនល្មោភកាមម្នាក់នេះនៅតែប្រព្រិត្តសកម្មភាពស្មោគគ្រោគដដែលៗ។
ជាការកត់សម្គាល់ បើតាមការបញ្ជាក់ពីរបស់ជនរងគ្រោះ។
បុគ្គល នុតសោភ័ណ្ឌ បានធ្វើសកម្មភាពទៅលើមន្រ្តីក្រោមឪវាទក្នុងនោះសាក្សីជាជនរងគ្រោះពីរនាក់
ក៏ជាជនរងគ្រោះក្នុងទង្វើដ៏សែនថោកទាបមួយនេះដែរ។
លោកស្រី សួគ៍ចាន់ពិសី បានសំណូមពរទៅដល់សម្តេចបវរធិបតីហ៊ុនម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ដលើរូបគាត់និងផន្ទាទោស បុគ្គល នុតសោភ័ណ្ឌ
អភិបាលស្រុកត្បែងមានជ័យទៅតាមច្បាប់។
ព្រោះបច្ចុប្បន្នលោកស្រីកំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបុគ្គលរោគចិត្តម្នាក់នេះ។
ចំពោះការចោទប្រកាន់ប្តឹងបុគ្គល នុតសោភ័ណ្ឌ ទៅតុលាការខេត្តព្រះវិហារនោះអភិបាលស្រុកត្បែងមានជ័យរូបនោះគេបាននិយាយថាមិនអាចបំភ្លឺដល់អ្នកសារព័ត៌មានម្តងមួយអង្គភាពបាននោះទេ។
ជុំវិញករណីខាងលើ លោកអភិបាលរងខេត្តព្រះវិហារ គឹម ចាន់បញ្ញា បានអោយដឹងថា មន្រ្តីអធិការកិច្ច នៃក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេត។
លោក បន្តថា ពាក់ព័ន្ធករណីនេះ លោកបានទទួលព័ត៌មានហើយ ដោយសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមករដ្ឋបាលខេត្ត ហើយក៏មានការចុះអង្កេតដោយផ្ទាល់ពីសំណាក់ក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងមហាផ្ទៃរយៈពេល៣ថ្ងៃពេញ។
ទន្ទឹមនោះ លោក គឹម ចាន់បញ្ញា សង្កត់ធ្ងន់ថា មកទល់ពេលនេះចំពោះលទ្ធផលនៃការស៊ើបអង្កេត ក្រុមការងារអធិការកិច្ច នៃក្រសួងមហាផ្ទៃ នៅមិនទាន់ទម្លាយចេញជាផ្លូវការនៅឡើយ ព្រោះបញ្ហានេះ មន្រ្តីជំនាញបាន និងកំពុងធ្វើរបាយការណ៍ជូន លោកឧបនាយករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា ពិនិត្យសម្រេចចុងក្រោយ។
សូមជម្រាបថា តាមរយៈខ្លឹមសារនៃពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ចូលមកកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានប្ដឹង ឈ្មោះ នុត សោភ័ណ្ឌ ជាអភិបាលស្រុកត្បែងមានជ័យ ពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ពោលគឺប្រុងចាប់រំលោភរូបនាងជាច្រើនលើកច្រើនសានៅក្នុងការិយាល័យ នៃរដ្ឋបាលស្រុកផ្ទាល់តែម្ដង។
ដោយទ្រាំ និងទង្វើអសីលធម៌របស់ថ្នាក់ដឹកនាំល្មោភកាមនេះមិនបាន ទើបស្ត្រីរងគ្រោះ បានប្រមូលផ្ដុំ និងពិភាក្សាគ្នាជាមួយជនរងគ្រោះដទៃទៀត សម្រេចចិត្តធ្វើជាសាក្សី ដាក់ពាក្យបណ្ដឹងជាផ្លូវការតែម្ដង ខណៈក្នុងចំណោមជនធ្វើសាក្សីទាំងនោះក៏ជាជនរងគ្រោះពីការបៀតបៀនរបស់អភិបាលស្រុករូបនេះដែរ។






You must be logged in to post a comment.