
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ធៃប្រទេស។
ក្នុងមតិសំណេះសំណាល ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសភាពការណ៍មួយចំនួននៅតំបន់ព្រំដែន ដែលមកដល់ពេលនេះមានស្ថានភាពល្អប្រសើរ ហើយទាំងនេះដោយសារការខិតខំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់អាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាងតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម បានធ្វើការកត់សម្គាល់ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួននៅតាមបណ្តាញសង្គម ដែលមានចរិតញុះញង់ ធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ បង្កភាពចលាចល ភាពច្របូកច្របល់ ជាពិសេសការបាត់បង់ជំនឿទុកចិត្ត ការរើសអើង អរិភាពក្នុងសង្គម និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ។
ក្នុងន័យនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានណែនាំដល់កងកម្លាំងទាំងអស់ ដែលបានប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះបង្ហើរត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដើម្បីចៀសវាងផ្សាយព័ត៌មានក្លែងក្លាយ នាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ក្នុងភារកិច្ចចំពោះមុខ ឯកឧត្តម អគ្គមេបញ្ជាការ ក៍បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តបំពេញតួនាទីភារកិច្ចតាមបទបញ្ជា ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្តូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ កំចាត់ចោលភ្លាមក្រុមជ្រុលនិយមដែលបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។
នៅទីបញ្ចប់ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធិពរជ័យពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងកម្លាំង សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ចបម្រើជាតិ៕









You must be logged in to post a comment.