ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់ (កំសាន្តរាជនីលង្វែក) ដែលជាតំបន់ទេសចរណ៍ ហើយមានប្រជាពលរដ្ឋប្រកបអាជីវកម្មដូចជាបើក
ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋរស់នៅទីនោះហើយថែមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់ពាក្យបណ្ដឹងជំទាស់នៃការសាងសង់ និងរក្សាទុកសំរាមស្អុយរលួយ របស់ក្រុមហ៊ុន (បរិស្ថានភូមិយើង) ដែលមានការរៀបចំ មិនត្រឹមត្រូវតាមស្តង់ដារ ហើយបានប្តូរទីតាំងយកមកដាក់នៅក្បែរភោជនីយដ្ឋាន និងផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបររកស៊ីជាច្រើន ហើយមិនមានការដោះស្រាយរាប់ខែមកហើយ។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃសាលាស្រុកពញាឮម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសំរាមខាងលើនេះជារបស់លោកអភិបាលរងស្រុកពញាឮមានឈ្មោះ ហេង គឹមហៀង ដែលជាមនុស្សជំនិត និងជាមនុស្សសេដ្ឋកិច្ចរបស់លោកអភិបាលស្រុក ចំណែកឯក្រុមហ៊ុនប្រមូលសំរាមមួយនេះបានឲ្យទៅប្អូនរបស់គាត់ជាអ្នកគ្រប់គ្រងនិងគិតលុយ តែគាត់នៅមើលការខុសត្រូវធម្មតា ព្រោះគាត់ជាអ្នកទទួលបន្ទុកបរិស្ថាននៅស្រុកមួយនេះ។
ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារមួយចំនួនតែងតែរអ៊ូរទាំ ចំពោះការប្រមូលសំរាមមួយនេះដោយមានការយឺតយ៉ាវ និងថ្លៃសេវាប្រមូលសំរាម នៅក្នុងផ្សារគឺមានតម្លៃខ្ពស់។
គួរំលឹកផងដែថា ក្នុងខែ តុលា ឆ្នាំ២០២២ ក្រុមហ៊ុនសំរាម មួយនេះបានដាក់ទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ជិតភ្នំព្រះរាជទ្រព្យ និងបានគរសំរាមឡើងហូរហៀរ រហូតដល់របងផ្ទះប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការរិះគន់ និងតវ៉ាជាខ្លាំង។
ដោយមានការសម្របសម្រួលពី លោកថន សុវណ្ណា អភិបាលស្រុកពញាឮ ដោយសន្យាជាមួយប្រជាពលរដ្ឋថា នឹងដោះដូរក្រុមហ៊ុនមួយនេះទៅនៅឃុំកោះចិន ដែលមានផ្ទៃដីទំហំរហូតដល់៥០ហិកតាសំរាប់ធ្វើអាជីវកម្ម តែរហូតមកដល់ពេលនេះជាងមួយឆ្នាំហើយ ដីដែលទុកដាក់ទីតាំងសំរាមក៏មិនឃើញ រីឯគំនរសំរាមទាំងអស់ត្រូវបានប្រមូលទៅដាក់នៅជិតផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅឃុំកំពង់លួងទៅវិញ។
ប្រជាពលរដ្ឋជាច្រើនបានសម្ដែងការមិនពេញចិត្តជាមួយនឹងលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ដែលទទួលបន្ទុកបរិស្ថាន និងទទួលបន្ទុកឃុំកំពង់អុស ដោយលើកឡើងថាគ្រាន់តែរឿងសំរាមនេះដោះស្រាយមិនចេញជាយូរមកហើយ រីឯបញ្ហាទំនាស់ដីធ្លីនៅក្នុងកំពង់អុសវិញកំពុងតែរាំរ៉ៃដោះស្រាយមិនចេញ ជាច្រើនរឿងរាប់ឆ្នាំមកហើយផងដែ ដោយប្រជាពលរដ្ឋខ្លះផ្ទុះការតវ៉ា និងស្រក់ទឹកភ្នែកជាច្រើនគ្រួសារ ដោយសារតែមានមន្ត្រី មួយចំនួនកំពុងតែឃុបឃិតជាមួយនឹងអ្នកមានលុយ និងមានអំណាចជាច្រើនធ្វើបាបប្រជាពលរដ្ឋជាថ្នូរនឹងលាភសក្ការៈ។
អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនសំរាមខាងលើតាមរយៈទូរស័ព្ទ ផងដែរតែខលចូលពុំមានអ្នកទទួល។ ហើយបានទំនាក់ទំនងកាន់ទៅកាន់ប្រព័ន្ធតេឡេក្រាមគ្រាន់តែចូលមើលប៉ុន្តែមិនឆ្លើយតបនោះទេ។
លោកអភិបាលរង ហេង គឹមហៀង បានឲ្យដឹងថា សំរាមជាបញ្ហាកង្វល់របស់ពិភពលោក ថ្នាក់តំបន់ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ
ប្រជាពលរដ្ឋមានសង្ឃឹមថា ឆាប់បានទីលានចាក់សំរាមមាន តាមស្តង់ដា បច្ចេកទេសត្រឹមត្រូវ នាពេលខាងមុខឆាប់ៗនេះត្រជាក់ជាមិនខាន។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើសុំទៅ ឯកឧត្តម គង់ សោភ័ណ្
អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល និងជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីមេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិដែលកំពុងតែបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេតាជួយចាត់មន្ត្រីជំនាញធ្វើការចុះពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ ជុំវិញករណីខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
You must be logged in to post a comment.