Sat. Oct 12th, 2024

កំពង់ចាម៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី២៦ ខែកញ្ញាបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម


តាមរបាយការណ៍របស់ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនឱ្យដឹងថា ជំនន់ទឹកទន្លេមេគង្គនៅចំណុចផ្សារជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះបានបណ្ដាលឱ្យបាក់ស្រុតប្រវែង ៦៣ម៉ែត្រ និងទទឹង ២ម៉ែត្រ ។ បច្ចុប្បន្ន ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅលើទីតាំងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានដាក់បាវខ្សាច់ទប់ការពារ មិនឱ្យបាក់ស្រុតបន្តទៀតរួចរាល់ហើយ ។
ដោយឡែករបាយការណ៍គ្រោះមហន្តរាយខេត្តឱ្យដឹងថា គិតមកដល់ថ្ងៃទី២៦ ខែកញ្ញា ទឹកជំនន់បានធ្វើឱ្យបាក់ច្រាំងទន្លេប្រវែង៧.៥០៣ម៉ែត្រ,លិចហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រវែង២២.០៨៨ម៉ែត្រក្នុងនោះផ្លូវដីប្រវែង ១៣.៣០៩ម៉ែត្រ បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ,ស្ពាន ២កន្លែង, សាលារៀន ១៣កន្លែង ,វត្ត៧កន្លែង ផ្ទះ ១.៩៩៧ខ្នងផ្ទះ ,ដំណាំស្រូវ សរុបចំនួន ១.២៨០,៨៣ហត ពោត ចំនួន ១៨២,៧៥ហត និងដំណាំផ្សេងៗ សរុបចំនួន ២៣៥,៣ហិកតា និងមានមនុស្សមួយនាក់ បានលង់ទឹកស្លាប់ ។


នាឱកាសនោះដែរឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពឱ្យមានការប្រុងប្រយ័ត្នទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្ដោយឱ្យកូនៗ ឬក្មេងតូចៗលែងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ឡើយ ៕

You missed