Sat. Oct 12th, 2024

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹនាំ មន្ត្រីរាជការទាំងអស់ បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ រួមជាមួយស្ថាប័នពាក់ព័ន្ធ ដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើស លួចកាប់បំផ្លាញព្រៃឈើ ការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាដីកម្មសិទ្ធិ និងការបរបាញ់សត្វព្រៃខុសច្បាប់ ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងភារកិច្ចរបស់មន្រ្តីឧទ្យានុរក្សទាំងអស់គ្នារួមទាំងក្រុមគ្រួសារ ស្វាមី ភរិយា ដែលបានស្ម័គ្រចិត្តបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ឲ្យបានគង់វង្សសម្រាប់មនុស្ស តជំនាន់ទៅមុខទៀត។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ដើម្បីកម្ពុជាលក់កាបូន សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែបផងដែរ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិចំនួន៧៤ តំបន់ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ។ មន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សរុបមានចំនួន ១,១៧៨នាក់ ក្នុងនោះនារីចំនួន ៤២នាក់ កំពុងឈរជើងការពារតំបន់ការពារធម្មជាតិទូទាំងប្រទេស៕

You missed