កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកសិក្ខាសាលា ដើម្បីបញ្ជៀបចំណេះដឹងនិងផ្សព្វផ្សាយពីបញ្ហាជំងឺអេដស៍ក្នុងន័យឱ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈនិងមន្ត្រីនៃក្រសួងចូលរួមទប់ស្កាត់និងបង្ការហើយធ្វើការផ្សព្វផ្សាយបន្តក្នុងន័យរួមគ្នាបញ្ចប់មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ ។
ឯកឧត្តម ធៀង វណ្ណដារ៉ុង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការតំណាងលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា បញ្ហាមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះបានជំរុញឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ចនិងលទ្ធភាពរៀងៗខ្លួន ។ ឯកឧត្តមបន្តថាវាជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកទទួលបន្ទុកផ្ទាល់លើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរង់ចាំមើលបំណាំឱ្យស្ថាប័នមួយនេះធ្វើតែឯកឯងឬយ៉ាងណា? ចម្លើយអត់ទេ!យើងត្រូវរួមគ្នាធ្វើឱ្យស្រុះគ្នាក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នេះ។
ដូច្នេះហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុក ដាក់ចូលរួមជាប្រចាំទន្ទឹមគ្នាជាមួយនឹងក្រសួង/ស្ថាប័នទាំងអស់ក្នុងសកម្មភាពជាពហុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះបញ្ហាមេរោគអេដស៍និងជំងឺអេដស៍នេះ។
ឯកឧត្តម ធៀង វណ្ណដារ៉ុង បានបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ឆ្នាំ ២០២២បានឲ្យដឹងថា លទ្ធផលដែលទទួលបានគោលដៅទាំង៣ (៩៥% ៩៥% ៩៥%) ក្នុងនោះ ៩៥% ទី១ ទទួលបាន៨៦% ៩៥%ទី២ទទួលបាន៩៩% និង៩៥% ទី៣ ទទួលបាន៩៨%។ ចំពោះ៩៥%ទី១ យើងទទួលបាន ៨៦% ដែលទាក់ទងនឹងការបង្ការធ្វើយ៉ាងណាឲ្យមានការធ្វើតេស្ត ឈាមបានគ្រប់គោលដៅដើម្បីស្វែងរកមនុស្សចំនួនប្រមាណ១២.០០០នាក់ ដែលបានបាត់ដំណឹង ពេលបនេះមិនដឹងថាពួកគាត់នៅទីណានោះទេ? ។
លើសពីនេះទៅ ទៀតមានក្រុមប្រឈមនឹងការឆ្លងមេរោគអេដស៍ ក្នុងនោះមានរួមមាន ក្រុមស្ត្រីតាមគ្រឹះស្ថានកម្សាន្តសប្បាយ ក្រុមអ្នកប្រើបំពានគ្រឿងញៀន ដោយចាក់ក្រុមបរុសរួម ភេទជាមួយបុរស ក្រុមបំប្លែងភេទ(ក្រុមស្រីស្រស់) ដែលមានអត្រាឆ្លងមេរោគអេដស៍ ៥.៥% អត្រាឆ្លងជំងឺកាមរោគ ៤៤.៩% សម្រាប់ក្រុមបុរសរួមភេទជាមួយបុរស ចំណែកក្រុមបំប្លែងភេទ មាន អត្រាឆ្លងមេរោគ ១៣.៥% អត្រាឆ្លងជំងឺកាមរោគ ៤៥.៥% (២០២៣) ។ មូលហេតុដែលក្រុមបុរសរួមភេទ ជាមួយបរុសវ័យក្មេងមានអត្រាឆ្លងមេរោគអេដស៍ និង កាមរោគខ្ពស់ដោយឥរិយាបទនៃការរួមភេទ មានលក្ខណះប្រឈមមុខគឺ រួមភេទមិនប្រើស្រោមអនា ម័យរួមភេទជាមួយក្រុម (Chemsex) និងប្រើប្រាស់គ្រឿងញៀនពេលរួមភេទ។
ឯកឧត្តម ធៀង វណ្ណដារ៉ុង ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជម្រុញបន្ថែមដល់មន្ត្រីនៃអគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទនៃក្រសួងវប្បធម៌រួមទាំងសិស្សជាសិក្ខាកាមក្នុងសិក្ខាសាលានេះ សូមបន្តការ ចូលរួមឲ្យសកម្មជាងនេះ ក្នុងការផ្សព្វផ្សាយនិងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅតាមស ហគមន៍រស់នៅ ជាពិសេសនាយកដ្ឋានសិល្បៈទស្សនីយ៍ភាពនិង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ត្រូវយកចិត្តទុកដាក់បង្កើនស្នាដៃអប់រំរឿងខ្លីនិងខ្លឹមសារជាសារអប់រំ ដើម្បីឲ្យផលិតករពេលដាក់បញ្ចាំងភាពយន្តនិងវីដេអូត្រូវរត់អក្សរនៃសារអប់រំពីការឆ្លងមេរោគអេដស៍និងជំងឺអេដស៍នេះ៕
You must be logged in to post a comment.