Tue. Dec 31st, 2024

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។

នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោកចំនួន ១៩៧ប្រទេស ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យ COP28 ចាប់ផ្តើមកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ជាមួយពិភពលោក៖
១- រក្សាអោយបាននៅសីតុណ្ហភាពត្រឹម 1.5 អង្សារ
២-ការជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញអោយបាន ៧០% ដែលបច្ចុប្បន្នយើងមាន ៦២%
៣-ការបង្កើនកាបូនស្តុក តាមរយៈការពង្រីកផ្ទៃដីព្រៃឈើស្រូបកាបូន
៤-ការជម្រុញ និងអំពាវនាវ អោយអន្តរជាតិកៀរគរថវិកាពីប្រភព មូលនិធិអាកាសធាតុបៃតង(GCF),មូលនិធិបន្សាំ(Adoption Fun),មូលនិធិ បាត់បង់ និងខូចខាត(Loss and damage Fund )។


គួរបញ្ជាក់ថា : នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំរិតខ្ពស់ទ្វេភាគីជាមួយ អង្គការ CI (High-Level Bilateral Meeting MoE/CI) ,កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF) និងកិច្ចប្រជុំកំរិតខ្ពស់ បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕

COP-28៖ កម្ពុជាលើឆាកអន្តរជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ កម្ពុជាមានកិត្តិយសគួរជាទីមោទនៈ នៅលើឆាកអន្តរជាតិពីសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ដោយទទួលបានការចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើឯកសារ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទី និងភារកិច្ចសម្រាប់សហស្ថាបនិក និងសមាជិក  ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង ។

បន្ថែមពីនេះ កម្ពុជាទទួលការអញ្ជើញពីសន្និសីទកំពូលនេះ ឱ្យថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការពន្លឿនការផ្លាស់ប្តូរនៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus)។  នៅក្នុងសុន្ទរកថាគន្លឹះ កម្ពុជាដែលតំណាងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ចាក់លើការងារអាទិភាពថា ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពរួចទៅហើយ នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលយុទ្ធនាការនេះបានធ្វើឱ្យកម្ពុជាស្អាត និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងដែនទឹក ដែលត្រីជាប្រភពប្រូតេអុីនសម្រាប់ប្រជាពរដ្ឋកម្ពុជាផង និងប្រជាពលរដ្ឋសកលផង។   ការបណ្តុះដើមឈើជាង១លានដើមក្នុង១ឆ្នាំ សំដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្ម ។

លទ្ធផលគួរទីមោទនៈមួយទៀតនៅថ្ងៃដដែលនេះ កម្ពុជានឹងត្រៀមដាក់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពទៅជាអង្គភាពទទួលស្គាល់ដែលមានលក្ខណៈឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា និងភាពជាម្ចាស់(Accredited Entity) ដោយមានការគាំទ្រ និងសន្យាជួយសម្របសម្រួលពីលោកស្រី Nonhlanhla Zindela អគ្គនាយិការង និងជាប្រធានកម្មវិធីមូលនិធិបរិស្ថានបៃតង Green Climate Fund (GCF) ឱ្យបានក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ហើយនឹងឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

សូមរម្លឹកជូនថា សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាឆ្នាំនេះ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ៕

You missed