Sat. May 9th, 2026

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជម្រុញដល់អ្នកផលិតអំបិលទាំងអស់ ពិសេសក្នុងខេត្តកំពត និងកែប មិនត្រឹមតែមានតួនាទីជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នោះទេ ប៉ុន្តែត្រូវមានតួនាទីទទួលខុសត្រូវដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់ នៅទីរួមខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមាន តែខេត្តដទៃគ្មាននោះ គឺអំបិល។ កំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ និងបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។

ត្រង់ចំណុចនេះសម្តេចតេជោ បានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើសុខុមាលភាពលរដ្ឋគឺការកាត់បន្ថយជំងឺពកករលើប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតមានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត។

សម្តេចតេជោ លើកឡើងទៀតថា កំពត ដើរតួជាអ្នកផ្គត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទានឬអ្នកប្រើប្រាស់ ចូលរួមទប់ស្កាត់ជំងឺ ហើយក៏ត្រូវគិតគូរលើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ។

សូមបញ្ជាក់ថា ខេត្តកំពត ជាខេត្តមួយដែលមានទីតាំងអំណោយផលក្នុងការផលិតអំបិលតាមរយៈការបង្ហូរទឹកសមុទ្រចូលមកដីស្រែ ដែលមានផ្ទៃដីសរុប ៣ ៤៨៩,៤៨ ហិចតា ។ ការផលិតអំបិលនៅខេត្ត កំពត មានរយៈពេលពី៥ខែ ទៅ៦ខែ ក្នុង១ឆ្នាំ ហើយក៏ជាប្រភពដ៏សំខាន់សំរាប់ការផ្គត់ផ្គង់ តាមតម្រូវការប្រើប្រាស់ក្នុងស្រុកដែលមានប្រហែល ១០ម៉ឺនតោនក្នុង១ឆ្នាំ ។ ផ្ទៃដីស្រែអំបិលសរុបចំនួន ៣ ៤៨៩,៤៨ហិចតា ចែកចេញជា ៦មណ្ឌល មានក្រុមផលិតអំបិលចំនួន ១៧១ក្រុម មានពលកម្មចំនួន ១,៤៧៤នាក់ ស្រី ៥៥៧ នាក់ និងឃ្លាំងសរុបចំនួន ៥៣៦ឃ្លាំង ។ ផលិតអំបិលបានចំនួន ៣១ ៣៨២តោន អំបិលលក់ចេញចំនួន ៨១ ១៦៧តោន និងអំបិលសល់ក្នុងឃ្លាំងសរុបចំនួន ១ ០៧៥ តោន ។ តំលៃអំបិលលក់ចេញក្នុងឆ្នាំ២០២៥ អំបិល ស មានតម្លៃចាប់ពី ១៨ ០០០រៀល ដល់ ១៩ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) អំបិលខ្មៅ មានតម្លៃ ចាប់ពី ១២ ០០០រៀល ដល់ ១៣ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) ៕ អត្ថបទ៖ ពៅ រក្សា

You missed

error: Content is protected !!