កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត ដូចទៅនឹងក្រសួងបរិស្ថានបានកំណត់យកថ្ងៃ ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើម

ចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។

ជាក់ស្តែងក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករ/និយោជក ព្រះសង្ឈ និ ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ខេត្ដកំពត គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត ៥ ៨២៦ នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣១ ២០៣ នាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក Bye Bye Plastic» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសុរុបជិត ៦០ម៉ឺននាក់។

យុទ្ធនាការនេះពិជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។

ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក «ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង» ។




You must be logged in to post a comment.