Sun. Mar 29th, 2026

ក្រុមហ៊ូទីបើកការវាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងពេល២៤ ម៉ោង ខណៈជម្លោះនៅអាស៊ីខាងលិចកាន់តែតានតឹង

ក្រុមហ៊ូទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅយេម៉ែនកាលពីថ្ងៃអាទិត្យបាននិយាយថា ពួក​គេ​បាន​វាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោង ដោយប្រើមីស៊ីល និង​យាន​ដ្រូន​រួម​គ្នា ដែលជាសញ្ញានៃការពង្រីកជម្លោះនៅអាស៊ីខាងលិច។ ក្រុមនេះបានព្រមានថា ខ្លួន​នឹង​បន្ត​ប្រតិបត្តិការយោធានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ក្រុមហ៊ូធី​បានវាយប្រហារលើកដំបូងនៅថ្ងៃទី២៨ ខែមីនា ដោយបាញ់​មីស៊ីល​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រមាន​ថា​ពួកគេនឹងធ្វើអន្តរាគមន៍ ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់នៅតែបន្ត។ អ៊ីស្រាអែល​បាន​និយាយ​ថា គ្រាប់មីស៊ីលត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។

ក្រុមនេះ​បានអះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ដែលកំណត់គោលដៅលើ ទី​តាំង​យោធា​អ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើអ៊ីរ៉ង់ លីបង់ អ៊ីរ៉ាក់ និងទឹកដី​ប៉ាឡេស្ទី​ន​ ដោយបន្ថែមថា ប្រតិបត្តិការនឹងបន្តរហូតដល់អ្វីដែលខ្លួនហៅថា “ការឈ្លានពាន” នៅទូទាំង​ជួរ​មុខ​ទាំង​នេះ​បញ្ចប់។

យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានរកឃើញការបាញ់មីស៊ីលពីប្រទេសយេម៉ែន ហើយបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសកាន់តែសកម្មដើម្បីស្ទាក់ចាប់មីស៊ីល ដោយជំរុញឱ្យប្រជាជនអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាព៕

error: Content is protected !!