Sun. Mar 29th, 2026

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាដែលតម្លៃប្រេងឥន្ទនៈឡើងខ្ពស់លើទីផ្សារអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេស។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។

វិធានការទាំងនោះជារួមមាន៖

ទី១៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។

ទី២៖ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លាបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លាក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លាក្នុង១បារ៉ែល។

ទី៣៖ រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង

ទី៤៖ ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទន:បន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់០ (សូន្យ) ដុល្លា។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តតាមដានការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពលនេះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នទាំងអស់ក៏ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាលនិងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខណៈដែលរដ្ឋបាលរាជធានីខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជាដើម្បីពង្រឹងសក្តិសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។ ក្រសួង ស្ថាប័នទាំងអស់ត្រូវបានណែនាំឱ្យបំផុសចលនានិងស្មារតីរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបាន។ វិធានការទាំងនេះបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

error: Content is protected !!