
ឯកអគ្គរដ្ឋទូតចិនកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប Scams Online
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។
ការកោតសរសើរនេះ នៅក្នុងពិធីប្រគល់សម្ភារៈបច្ចេកទេសដល់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ឯកអគ្គរដ្ឋទូតបានបន្តថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។
ឯកឧត្តមក៏បានមានប្រសាសន៍កត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តការត្រួតពិនិត្យតាមគោលដៅនានាយ៉ាងហ្មត់ចត់ និងជំរុញយុទ្ធនាការបោសសម្អាតជាបន្តបន្ទាប់។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសនេះឱ្យអស់ពីឫសគល់។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិធានការប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលដែលសម្រេចបានដោយ គ.ប.ឆ.ប. និងភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា»។
ឯកឧត្តមបន្តថា កម្ពុជា-ចិនជា “មិត្តដែកថែប” តែងតែជួយគ្នាទៅវិញទៅមក។ កន្លងមកនេះ ភាគីចិនបាន បញ្ជូនយន្តហោះមកទទួលយកជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកឱ្យត្រឡប់ទៅប្រទេសចិនវិញ។ ការផ្តល់ជំនួយសម្ភារៈនាពេលនេះ គឺជាភស្តុតាងមួយទៀតនៃការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន ស៊ី ជិនភីង កាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមវ៉ាង វិនពីនបានបញ្ជាក់ថា ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួមគឺដើម្បីលុបបំបាត់ “មហារីក” នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕





You must be logged in to post a comment.