Thu. Mar 12th, 2026

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះថា អ្វីដែលម្ចាស់ទំព័រហ្វេសប៊ុក The Kanitha Show លើកឡើង គឺមានចិរតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ។ នោះគឺសំដៅទៅលើការលើកឡើងថា ”អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា”។

សាររបស់សម្ដេច ហ៊ុន សែន មានខ្លឹមសារទាំងស្រុងបែបនេះថា៖ “ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំព្រោះអ្វីដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។”

សម្ដេចបន្ថែមថា “អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។ ជាង៤៧ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕”

សម្ដេចហ៊ុនសែន #TheKanithaShow #ជម្លោះសាសនា #សាសនាឥស្លាម #វិទ្យុវាយោ #vayo #vayoradio

error: Content is protected !!