Sun. Jan 4th, 2026

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញសួរសុខទុក្ខគ្រួសារកងទ័ពដែលត្រូវបានថៃដោះលែង

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារ និងលោក នៃ សុភ័ក្រ ដែលជាកងទ័ពជួរមុខ បន្ទាប់ពីត្រូវបានភាគីថៃដោះលែងបន្ទាប់ពីទាហានថៃចាប់ឃុំឃាំងអស់រយៈពេល១៥៥ថ្ងៃ និងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ។ 

ពិធីសួរសុខទុក្ខនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នៅគេហដ្ឋានរបស់លោក នៃ សុភ័ក្រ ជាវីរៈកងទ័ពក្នុងចំណោម១៨នាក់ដែលទាហានថៃចាប់ខ្លួនមានស្រុកកំណើតស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារដែលបានជួបជុំសមាជិកវិញ។ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ថែមពីនេះ ឯកឧត្តមបានកោតសរសើរដល់ស្មារតីរបស់កងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច និងបានធ្វើការផ្តាំផ្ញើដល់មន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពិនិត្យនិងថែទាំសុខភាពវីរៈកងទ័ពដែលទើបនឹងមកដល់និងភរិយារបស់លោកនៃសុភ័ក្រដែលមានផ្ទៃពោះជិតសម្រាលកូនដើម្បីឲ្យពួកគាត់មានសុខភាពល្អផងដែរ។

សកម្មភាពនេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន។ឯឧ ប៉េង ពោធិសា បានផ្តល់អំណោយដល់លោក នៃសុភ្រ័និងក្រុគ្រួសារជា អង្ក មី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត បន្ថែមពីលើនេះតំណាងមន្ត្រីរាជការនៅតាមមន្ទីរអង្គភាពនានាក៏បានជួយឧបត្ថម្ភជូនលោក នៃ សុភ្រ័ជាថវិកាមួយចំនួនផងដែរ៕

You missed

error: Content is protected !!