Tue. Dec 23rd, 2025

ស្តង់ដារ ISO 9001:2015 ជាចលករប្រកួតប្រជែងគន្លឹះ បង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម

ភ្នំពេញ ៖ ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណ- ភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្ម អាជីវកម្មនាំចេញ ការចែកចាយ ការ ប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា បញ្ជ្រាបយល់ដឹងពី ISO 9001:2015 និងបិទគម្រោងស្តីពីការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់ គ្រងគុណភាព នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ស្តង់ដារបានដើរតួយ៉ាងសំខាន់ នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ ហើយស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ ឧស្សាហកម្ម ការផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញ ឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និង កសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ស្តង់ដារ ISO 9001:2015 គឺបានផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័នទាំង មូល ចាប់ពីប្រធានអង្គភាព រហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានាបាននូវផលិតផលសម្រេច ដែលអនុលោមទៅតាមស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវទីផ្សារពាក់ព័ន្ធ។ គម្រោងនេះបានបណ្តុះបណ្តាលអ្នក ជំនាញ ត្រូវបានវាយតម្លៃជាអន្តរជាតិ ពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមាន គ្រូបង្គោលចំនួន ១៥នាក់ ដែល ១០នាក់ មកពីប្រទេសកម្ពុជា, ២នាក់មកពីប្រទេសឡាវ និង៣នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹក នាំសវនករចំនួន ១០នាក់ ដែលមាន៧នាក់ជាជនជាតិខ្មែរ។

ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងផងដែរថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាព ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ ចំណែកតាមរយៈការបណ្តុះបណ្តាលគ្រូ បង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ កម្ពុជាបាន កំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រង គុណភាព ដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករ សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ត្រូវ បានបិទបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងសមត្ថភាពតំបន់ ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សមាគម ធុរកិច្ច រោងចក្រ-សហគ្រាស ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលចូលរួមអនុវត្តស្តង់ដារ ISO 9001: 2015 សរុបប្រមាណ ១៥០ នាក់ អនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែក ដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស មេគង្គ-ឡានឆាងទាំងបី៕

អត្ថបទ៖ សុន រ៉ាឌី

error: Content is protected !!