
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ។
ដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍ក្តៅៗ និងព័ត៌មានសំខាន់ប្រចាំថ្ងៃសូមចុច ឬភ្ជាប់លីងខាងក្រោម



You must be logged in to post a comment.