
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពង្រឹងការអនុវត្តការងារក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពង្រឹងការអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកណ្ដាល មានចំនួនសរុប ៦០ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡេីងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ ៖
(១)-ពិនិត្យ និងពិភាក្សាអំពីវិធីសាស្ត្រសមស្របដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហការ រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល លើការងារសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្ដាល។
(២)-ស្វែងយល់អំពីតម្រូវការជាក់ស្តែងក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ដេីម្បីពង្រឹងសមត្ថភាពលេីជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពនានាជុំវិញរដ្ឋបាលខេត្តកណ្តាល។ និង
(៣)-សិក្សាអំពីវិធីសាស្រ្តក្នុងការបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ឱ្យបានកាន់តែទូលំទូលាយ ជូនដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្ដាល។
សូមរំលឹកផងដែរថា អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។











You must be logged in to post a comment.