
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុទីន បង្ហាញពីឆន្ទៈដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២
(បាងកក)៖ បន្ទាប់ពីទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីថ្មីពីព្រះមហាក្សត្រថៃ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានថ្លែងសារពាក់ព័ន្ធនឹង ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមកាសែតថៃ Khaosod នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥។
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។
ព្រមពេលជាមួយគ្នា លោក Sihasak Phuangketkeow ដែលត្រូវបានរំពឹងថា នឹងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងក្រោយជំនួបជាមួយលោក Anutin នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សភូមិចៃថៃដែរថា លោកនាយករដ្ឋមន្ត្រី Anutin បានពិគ្រោះយោបល់ជាមួយរូបលោកអំពីការដោះស្រាយ បញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ខណៈការពារអធិបតេយ្យរបស់ថៃយ៉ាងពេញលេញ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Anutin ដែលត្រូវបានជ្រើសរើសតាំងជា នាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីទី៣២នៃព្រះរាជាណាចក្រថៃ។ ជ័យជម្នះរបស់អ្នកគឺជាការឆ្លុះបញ្ចំាងមួយពីការជឿទុកចិត្ត យ៉ាងរឹងមាំចំពោះភាពជាមេដឹកនាំរបស់ឯកឧត្តម។ ខ្ញុំជឿជាក់ថានៅក្រោម ភាពជាមេដឹកនាំដ៏ប៉ិនប្រសប់ និងពេញដោយសមត្ថភាព ព្រះរាជាណាចក្រថៃ នឹងសម្រេចបានភាពរីកចម្រើនដ៏អស្ចារ្យ។
ទាំងកម្ពុជា និងថៃគឺជាអ្នកជិតខាងនឹងគ្នាផ្អែកលើកត្តាទីតាំងភូមិសាស្ត្រ និងជាសមាជិកអាស៊ានដូចគ្នា។ សន្តិភាព ការរួមរស់នៅជាមួយគ្នាដោយភាពសុខដុម និងការរីកចម្រើនជាមួយគ្នារវាង ប្រទេសទាំង២ គឺជាក្ដីប្រាថ្នារបស់ប្រជាជននៃប្រទេសរបស់យើងទាំង២។
ដូច្នេះខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាតាមរយៈការប្ដេជ្ញាចិត្តរួមគ្នា របស់ពួកយើងចំពោះការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំង២នឹងរីករាយនឹងភាពរីកចម្រើន និងរស់នៅក្នុងភាពសុខដុម ព្រមទាំងមានសុភមង្គល។ ជាមួយសា្មរតីនេះ ខ្ញុំទន្ទឹមរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តមដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាកសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរព្រំដែនជាប់គ្នារវាង ព្រះរាជាណាចក្រយើងទាំង២ឱ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា៕
You must be logged in to post a comment.