
ករណីអភិបាលស្រុកត្បែងមានជ័យ ក្រសួងមហាផ្ទៃប្រកាសមិនការពារមន្ត្រីរូបណាដែលធ្វើខុសនោះទេ
ភ្នំពេញ ៖ សំណុំរឿងអភិបាលស្រុកត្បែងមានជ័យ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីដើមបណ្តឹងពីករណីប៉ុនប៉ងចាប់រំលោភ ត្រូវបានក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និង គ្រោងបូកសរុបដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច ខណៈប្រកាន់ជំហរថា មិនការពារមន្ត្រីខុសនោះទេ ។
លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអោយដឹងថា«សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃមិនការពារមន្ត្រីរូបណាដែលធ្វើខុសនោះទេ។ មន្ត្រីធ្វើខុសយើងនឹងអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ ដែល មានចែងស្រាប់ បើមន្ត្រីត្រឹមត្រូវយើងនឹងការពារផ្តល់ភាពស្អាតស្អំ ពោលជារួមយើងឈរនៅ កណ្តាល ដើម្បីផ្តល់សមត្ថភាពទាំងសងខាង»។
លោកបន្តថា ជាគោលការណ៍ក្រសួងមហាផ្ទៃ ចង់ឲ្យមន្ត្រីទាំងអស់ គឺជាមន្ត្រីស្អាតស្អំ ជាមន្ត្រីគំរូប ពិសេសនោះ ជាមន្ត្រីដែលមានតួនាទីដែលផ្តល់ជូនដោយច្បាប់ និងគោល នយោបាយត្រូវអនុវត្តនិងបម្រើប្រជាពលរដ្ឋទូទៅ ដែលប្រជាពលរដ្ឋចង់បានទាំងអស់គ្នា។
ចំពោះការដាក់ពាក្យប្តឹងរបស់ដើមបណ្តឹងអ្នកនាំពាក្យបានអះអាងថា ក្រសួងមហាផ្ទៃមិនបានធ្វើការប្រងើយកន្តើយនោះទេ គឺបានធ្វើតាមនីតិវិធីជាបន្តបន្ទាប់ ដោយបានចាត់ឲ្យអគាធិការដ្ឋា នរបស់ក្រសួងមហាផ្ទៃចុះទៅធ្វើការអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអធិការកិច្ច សហការជាមួយរដ្ឋាបាលខេត្តបានធ្វើការចុះប្រមូលព័ត៌មានបានចប់សព្វគ្រប់អស់ដោយបញ្ចប់ការងារប្រមូលព័ត៌មាន ប៉ុន្តែការងារជំនាញបានធ្វើរបាយការណ៍បូក សរុបឬរបាយ ការណ៍សំយោគដើម្បីគោរពជូនឯកឧត្តម ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិ ត្យមើល លើលទ្ធផលហ្នឹង(លទ្ធផលនៃការសង្កេតស្រាវជ្រាវ ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរលោក ទូច សុឃៈ បានលើកឡើងក្រសួងមហាផ្ទៃនឹងធ្វើការ សហការណ៍ជាមួយតុលាការ បើសិនចង់ឲ្យមានការសហការ ពិសេសជាងនេះក្រសួងនឹងធ្វើការសហការណ៍ជាមួយដើមបណ្តឹងរាល់ការស្នើសុំដោយប្រការណាមួយ។
លោកថា៖ «យើងក៏មានសិទ្ធិក្នុងការសម្រេចតាមបែបបទរដ្ឋបាលផងដែរចំពោះការរកឃើញថាពិតជាបានប្រព្រឹត្តិបទល្មើសនោះមែន។ យើងសម្រេចតាមបែបបទរដ្ឋបាលទេ យើង មិនធ្វើជំនួសតុលាការ ឬនីតិវិធីព្រហ្មទណ្ឌនោះទេ ។ ហើយបែបបទរដ្ឋបាលមិន បានធ្វើ ការបន្ទុចបង្អាក់ ឬលុបលើអំណាចនីតិវិធីរបស់តុលាការដែរ ប៉ុន្តែលទ្ធផលបែបណាយើង មិនទាន់ ដឹងទេ ឬថាលោកអភិបាលស្រុកត្រូវ ឬខុស ហើយនារីត្រូវ ឬខុសនោះទេ»៕







You must be logged in to post a comment.