Mon. May 25th, 2026

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបករណីសង្ស័យបង្ខាំងមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាស៊ីណូ «យីងហ័ង» ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤នាក់

សីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីសង្ស័យបង្ខាំងមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៤នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមផ្ទាល់ពីលោក មុី ច័ន្ទវាសានា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ និងក្រុមការងារចម្រុះ ចំណុះលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងទីតាំងខាងលើ។ ជាលទ្ធផល ក្រោយការឆែកឆេរនៅចំណុចអគារ B ជាន់ទី១១ និងអគារ A (បន្ទប់លេខ៧០៣ ជាន់ទី៧) សមត្ថកិច្ចបានរកឃើញសម្ភារបច្ចេកវិទ្យាជាច្រើនដែលសង្ស័យថាបំរើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖

-កុំព្យូទ័រ ចំនួន ៣៧គ្រឿង

-ទូរសព្ទដៃ ចំនួន ៤២៨គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៦៤នាក់ (ភេទប្រុស) ដែលទាំងអស់គ្នាជាជនជាតិចិន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕

You missed

error: Content is protected !!