Mon. May 25th, 2026

សម្ដេចធិបតី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ម្តងទៀត ដល់អាជ្ញាធរមូលដ្ឋានអំពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៥នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានចេញ​បទបញ្ជាយ៉ាងម៉ឺងម៉ាត់​​ម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន​​អំពីការ​ប្រយុទ្ធប្រឆាំង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃ និងមិនលើកលែងឡើយ។

ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​ថា ជាក់ស្តែង ក្នុងកិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៦ ​សម្តេចធិបតី​បានថ្លែង​អំណរគុណនិងកោតសរសើរដល់​អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់​។ ទន្ទឹមនឹងនោះ សម្តេចបានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ ជាថ្មីម្តងទៀត​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយ មិនអនុញ្ញាតឱ្យ​បញ្ហានេះមកបំផ្លាញមុខមាត់របស់ប្រទេសជាតិបន្តទៀតជាដាច់ខាត។

ឯកឧត្តម​ ប៉ែន បូណា បានបន្តថា​ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​នេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើន​ដើម្បីធានា​ថា ការអនុវត្ត​របស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅ​ដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ​មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

សម្តេចធិបតី ហ៊ុន ​ម៉ាណែត ​បាន​បញ្ជាក់ថា ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ប្រឆាំង​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់​តំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង​មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបាន។

សូមរម្លឹកឡើងវិញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាត​ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ថាជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់​ជាដាច់ខាង​ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេស​កម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហានេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយសម្រាប់កម្ពុជានាពេលអនាគត។ សម្តេចតេជោបានធ្វើឡើងបែបនេះ ​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាឱកាស​អញ្ជើញជួបសំណេះ​សំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ​។

ក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានកោតសរសើររាជរដ្ឋាភិបាលដែលបានប្រកាន់យកការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានស្វាគមន៍ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្មមួយចំនួននៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹង Online Scams ។ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្តេចតេជោ បានផ្តល់អនុសាសន៍បន្ថែមជូនរាជរដ្ឋាភិបាលថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាបមន្ត្រីដែលពាក់ព័ន្ធ និងចាត់ការចំពោះមន្ត្រីដែលអសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ៕

You missed

error: Content is protected !!