Sat. Apr 4th, 2026

ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦, នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ដែលនឹងចុះអភិបាល ជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បានទស្សនាការសម្តែងរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជម្រុះនូវចង្រៃឧបទ្រពឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាពេលខាងមុខនេះ។

សូមរំលេចឡើងវិញថា នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បានរំលឹកឱ្យមន្រី្តសុខាភិបាលទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅគ្រប់កម្រិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះគ្រប់មូលដ្ឋានសុខាភិបាល ត្រូវពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើប្រព័ន្ធបញ្ជូន ដើម្បីធានាការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារ ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ។ អង្គភាពសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើការងារចាក់វ៉ាក់សាំងមហារីកមាត់ស្បូន (HPV) ដល់ក្រុមកុមារីអាយុ៩ឆ្នាំ និងគោលដៅអាយុបន្ត។ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លង នៅតាមច្រកព្រំដែននានា។ បន្តពង្រឹងការគ្រប់គ្រងស្តុកសម្ភារបរិក្ខារពេទ្យ និងឱសថសារវន្ត ឱ្យបានហ្មត់ចត់ ដឹងពីចរន្តនៃការប្រើប្រាស់ សុពលភាព និងបែងចែកទៅតាមមូលដ្ឋានសុខាភិបាល ឱ្យសមស្រប និងបន្តពង្រឹងការយកចិត្តទុកដាក់លើសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

អត្ថបទ រដ្ឋា

error: Content is protected !!