
នារាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញចូលរួម ដើម្បីផ្ដល់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្ដូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម»។ កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីនារាត្រីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតប្រចាំនៅកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា និងធុរជនជាតិនិងអន្តរជាតិ សរុបប្រមាណ ៥០០នាក់។
គួររម្លឹកថា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ទទួលបានការអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នេះបាននាំមកនូវការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ (១) ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់», (២) នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម», (៣) សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍» និង (៤) ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។











You must be logged in to post a comment.