
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈយន្តការនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកធុរកិច្ច ពាក់ព័ន្ធវិស័យពន្ធដារ។
លោករដ្ឋមន្ត្រី គង់ វិបុល ក៏បានលើកឡើងអំពីដំណើរដ៏វែងឆ្ងាយនៃកិច្ចខិតខំប្រឹងកែទម្រង់របស់អគ្គនាយដ្ឋានពន្ធដារ ចាប់តាំងពីការប្រកាសពន្ធ និងការបង់ពន្ធទាំងអស់ត្រូវធ្វើនៅលើក្រដាស ឥឡូវបានផ្លាស់ប្តូរមកប្រើប្រព័ន្ធឌីជីថលដែលសន្សំសំចៃពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងកសាងទំនុកចិត្តសម្រាប់អ្នកវិនិយោគ។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់អំពីការបើកចំហរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាបន្តការកែទម្រង់ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងធានាការផ្តល់សេវាពន្ធដារមានភាពងាយស្រួល មានតម្លាភាព និងប្រកបដោយទំនុកចិត្តខ្ពស់ ។
គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យពន្ធដារដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន ៥៦។ ក្នុងនោះបញ្ហាទាំងនោះមិនបានរាប់បញ្ចូលវិធានការទាំង ៥៦ ដែលបានដោះស្រាយរួចរាល់កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។
គួរបញ្ជាក់បន្ថែមថា ការរៀបចំវេទិកានេះនឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។
ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ វេទិកាស្តីពីពន្ធដារ-Tax Forum យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖
១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម ឃ ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានា ពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេស ជូនដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះត្រូវឆ្លងកាត់កិច្ចពិភាក្សា និងដោះស្រាយដោយលក្ខណៈបច្ចេកទេស។
២. យន្ដការ វេទិកាស្តីពីពន្ធដារ-Tax Forum ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម, សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម, សហគ្រាសមីក្រូ, សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ៕












You must be logged in to post a comment.