Sat. Jul 26th, 2025

សម្តេចតេជោ ហ៊ុន សែន បដិសេធព័ត៌មានក្លែងក្លាយពីថៃ ហើយសម្តេចបញ្ជាក់ថា ខ្ញុំកំពុងរួមចំណែកបញ្ជាទ័ពពីក្នុងប្រទេស ដើម្បីទប់ទល់ការឈ្លានពាន

នារសៀលថ្ងៃទី ២៤ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបដិសេធព័ត៌មានដែលបានចេញផ្សាយដោយកាសែតថៃមួយមុននេះបន្តិច ដែលអះអាងថា សម្តេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
សម្តេចបានបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!»។

សម្តេចបន្តថា ខ្ញុំនៅតែអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី ២ របស់ថៃ បានប្រកាសបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការថៃរូបនេះហើយ ជាអ្នកបង្កសង្រ្គាមឡើង តាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារលើកងទ័ពកម្ពុជានាព្រឹកនេះ។

សម្តេចបានរំលឹកថា មេបញ្ជាការយោធាថៃរូបនេះធ្លាប់បានព្រមានថា នឹងវាយកម្ពុជាដោយប្រើពេលត្រឹម ៣ ថ្ងៃ។ សម្តេចបានប្រកាសថា៖ «ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម ៣ ថ្ងៃរបស់គាត់ដែរ»។

សម្តេចបានសង្កត់ធ្ងន់លើការចុះផ្សាយកុហក់ពីអ្នកនយោបាយ និងសារព័ត៌មានថៃ ដោយថា៖ «ការចុះផ្សាយដែលមានចរិតកុហក់នៃអ្នកនយោបាយថៃ និងសារព័ត៌មានថៃ វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ»។

You missed