Thu. Jul 10th, 2025

ក្រសួងបរិស្ថានបានចុះពិនិត្យនិងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥

ក្រសួងបរិស្ថានបាននិងកំពុងធ្វើទំនើបកម្មនិងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាស នៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្របបរិស្ថាននិងធនធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុននិងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថាន ចំនួន៣០ ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ ដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ ចំនួន ២៦ ករណី និងក្រុមហ៊ុននិងរោងចក្រ បានបំពុលខ្យល់ចំនួន៤ ករណី។ ទន្ទឹមការចុះត្រួតពិនិត្យនិងរកឃើញ ក្រុមហ៊ុននិងរោងចក្រទាំងនោះ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ មិនលើកលែង ដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែ ចំនួន២៤ ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការ ផលិតកម្មចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និងក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកក្រសួងបរិស្ថាន បាននិងកំពុងរៀបចំរបាយការណ៍ និងលិខិតពិន័យ រួមទាំងលិខិតបញ្ជាកែប្រែ ចំពោះក្រុមហ៊ុននិងរោងចក្រ ចំនួន៦ ទីតាំងផ្សេងទៀត។

អ្នកនាំពាក្យក្រសួអបរិស្ថាន បានបន្ថែមថា ដើម្បីពង្រឹងការតាមដាន ត្រួតពិនិត្យការបំពុលបរិស្ថាន ការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន មានក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង កំពុងធ្វើអាជីវកម្មនៅកម្ពុជា បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកសាធារណៈ និងតំបន់ទឹកធម្មជាតិ ស្របទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ក្នុងចំណោមក្រុមហ៊ុននិងរោងចក្រទាំងនោះ មានក្រុមហ៊ុននិងរោងចក្រចំនួន ៣៥ ទីតាំង បានបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យនេះរួចហើយ ដែលភាគច្រើននៅក្នុងខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុននិងរោចក្រទាំងអស់ ដែលបានចូលរួម សហការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ បានចូលរួមគោរពបទដ្ឋាន បច្ចេកទេសបរិស្ថាន បានល្អប្រសើរ និងបានអនុវត្តបញ្ជាកែប្រែ របស់ក្រសួងបរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រោយពេលដែលក្រុមហ៊ុន និងរោងចក្រនានា នៅកម្ពុជា ត្រូវបានកំណត់និងបំពាក់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ និងបានអនុវត្តច្បាប់បរិស្ថាន ហើយនោះ គឺបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជា មានភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន កំពុងអនុវត្តអនុលោមតាមយុទ្ធសាស្រ្តនិងគោលយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត និងសុខភាពរបស់ កម្មករ និយោជិត និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានល្អ ក៏ដូចជាការចូលរួមចំណែក ថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ៕

You missed