Tue. Jul 8th, 2025

ខណៈដែលកម្ពុជាទទួលសញ្ញាភ្លើងខៀវ ដែលអនុញ្ញាត​ឱ្យ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវការ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាថ្មីម្តងទៀត បាន​អំពាវ​នាវ​ដល់កសិករ ជាពិសេសម្ចាស់ចម្ការទុរេនទាំងអស់ កុំប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ ដែល​អាច​ក្លាយ​ជា​ឧបសគ្គក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី៨ ខែកក្កដានេះ បាន​ប្រាប់ព័ត៌មាន​ប៊ីធីវី​ឱ្យដឹងថា គិតមកដល់ពេលនេះ ផ្ទៃ​ដី​ដាំ​ដុះ​ទុរេន​នៅទូទាំងប្រទេសកម្ពុជាមានប្រហែល ១ម៉ឺនហិកតា។ ចំពោះ ទិន្នផល​ប្រមូល​បាន​មាន​ចំនួន​ចន្លោះ ១៧ ទៅ ១៨ម៉ឺនតោន ក្នុង១ឆ្នាំ។

ពាក់ព័ន្ធការ​គ្រោង​នាំចេញទុរេនទៅប្រទេសចិននេះ ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងថា មាន​ចម្ការ​ទុរេន​ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ត្រូវបាន​អនុម័ត​ដោយ​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។ ឯកឧត្តម បានបន្តថា រាល់​ចម្ការ​ដែល​ចង់​ធ្វើ​ការ​នាំ​ចេញ ទាមទារឱ្យមានការចុះបញ្ជីជាមុនសិន ហើយ​មាន​ការ​វាយ​តម្លៃ​អនុម័ត​ជា​មុន​សិន​ផង​ដែរ ទើបអាចមានសិទ្ធិក្នុងការនាំចេញជាផ្លូវការបាន។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកទឹកចិត្តដល់កសិករដាំដុះទុរេន ជាពិសេស​ម្ចាស់​ចម្ការ​ទាំង​អស់​សូម​ធ្វើ​ការ​ចូល​រួម​អនុវត្តនូវតាមគោលការណ៍កសិកម្មល្អ (GAP) និងជៀសវាង​នូវ​ការ​ប្រើប្រាស់​នូវ​សារធាតុ​ហាម​ឃាត់​មួយ​ចំនួន​ដែល​អាច​ក្លាយ​ជា​ឧបសគ្គ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​ឯកឧត្តមសង្ឃឹមថា នឹងចូលរួម​ទាំងអស់​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៅ​លើ​ដំណាំ​ដែល​មាន​សក្តានុពល​មួយ​នេះ។

លោក ហេង បញ្ញា កសិករដាំដុះទុរេន ស្ថិតនៅខេត្តរតនគិរី បានឱ្យប៊ីធីវីដឹងថា លោក​គ្រោង​នឹង​ស្នើ​សុំ​ចុះ​បញ្ជី​នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកទីផ្សារនាំចេញទុរេន បន្ទាប់​ពី​ផ្គត់​ផ្គង់​លក់ក្នុងស្រុក។ លោកបន្តថា សព្វថ្ងៃនេះ លោកមានទុរេនប្រហែល៧០០ដើម លើ​ផ្ទៃ​ដីដាំដុះប្រហែល ៥ហិចតាប៉ុណ្ណោះ ខណៈនៅពេលអនាគតខាងមុខ លោកគ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះទុរេន​ប្រហែល ២០ហិចតា បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕ អត្ថបទ៖ ឈិត បូរ៉ាវី

You missed