Tue. May 20th, 2025

នៅថ្ងៃអង្គារ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥នេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ដើម្បីកុមារកម្ពុជា ខណៈដែលកុមារកម្ពុជាមួយចំនួនកំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ រីឯក្រុមគ្រូពេទ្យក៏បានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារទាំងនេះផងដែរ។
គួរជម្រាបជូនថា ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ខាងក្រោមនេះ។

You missed