
ភ្នំពេញ÷បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនិងបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ និងគំរាមទារប្រាក់ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តទៀតថាបន្ទាប់ពីទទួលបានព័ត៌មានខាងលើលោកបានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ជាបន្តបន្ទាប់.
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេឃបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមទៀតថា ក្រុមជនសង្ស័យនោះរួមមាន÷ ១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ,
២.ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ ៥១ឆ្នាំ,
៣.ឈ្មោះ ប៉ាក សុភាព ភេទប្រុស អាយុ ៤៦ឆ្នាំ,
៤.ឈ្មោះ គាន សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ, ៥.ឈ្មោះ ខៀវ ហុន ភេទប្រុស អាយុ៤៩ឆ្នាំ បុគ្គលទាំង០៥នាក់នេះជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿង និងចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តទៀតថាក្រោមពីកម្លាំងជំនាញសួរនាំជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក ០៥ក្បាល ពស់វែក ០១ក្បាល និងពស់ចាន់ល្មម ០២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន ០៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង ២០ម៉ឺនរៀល ។
ដោយឡែកសាច់សត្វដែលពួកខ្លួនបានចាប់នោះពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ។ កន្លងមកមានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You must be logged in to post a comment.