Sat. Oct 12th, 2024

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុបចំនួន ៣.៥៣០នាក់។

សម្រាប់និស្សិតជ័យលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រ ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ មានចំនួនសរុប ៣.៥៣០នាក់ (នារី ១.៨២២នាក់ ត្រូវជា ៥១,៦១ភាគរយ) ក្នុងនោះរួមមាននិស្សិត ថ្នាក់បរិញ្ញាបត្រ ២.៩៤២នាក់ (នារី ១.៥៩៦នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៨៨នាក់ (នារី ២២៦នាក់)។

សូមរំលឹកថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៨៣៥ នាក់ (នារី ២១០នាក់ ត្រូវជា ២៥,១៥ ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៨.៥៥១នាក់ (នារី ៩.៦០៨នាក់ ត្រូវជា ៥១,៧៩ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៦៨នាក់ នារី ៤០នាក់ ដែលរួមមាន ជនជាតិបារាំង កេនយ៉ា រ៉ូម៉ានី  និងឡាវ។ ដើម្បីធានាបាន នូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យ បានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពអប់រំ ជាប្រចាំដោយអនុវត្តតាមស្តង់ដា ធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន បានចំនួន ៦០ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ ឲ្យកាន់តែល្អប្រសើរ៕

You missed