ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមអម ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ដែលស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារបរិស្ថានទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយកមគ្គផល ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រពឹត្តទៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ ពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរយើង ជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា៕









You must be logged in to post a comment.