Fri. Dec 27th, 2024

(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ។

ឯកឧត្តម ឃឹង នុភាព បានថ្លែងក្នុងពិធីប្រគេនទានព្រះវស្សាចំនួន ៤ វត្តនៅក្នុងឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ។

លោកបានថ្លែងថាការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរព្រះធម៌ និងវិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូ នៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរហើយនេះគឺជាកម្លាំងសាមគ្គីមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ឯកឧត្តមបន្តថាបច្ចុប្បន្ននេះ វិស័យព្រះពុទ្ធសាសនាមានការីកចម្រើនយ៉ាងឆាប់រហ័ស បើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារ៉ាម មានព្រះវិហារ មានទីសក្ការៈបូជា សម្រាប់ឱ្យប្រជាពលរដ្ឋដែលបានគោរព និងប្រណិប័តន៍តាមព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីខ្មែរ នៅក្នុងសម័យកាលដែលពោរពេញដោយសន្តិភាព  ពិសេសបានជំរុញឱ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណី វប្បធម៌ និងសាសនានៃដូនតារបស់ខ្មែរយើងឲ្យបានខ្ជាប់ខ្ជួន។នេះដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជាយើង តាមរយៈការអប់រំសីលធម៌ការសិក្សាអប់រំ និងការប្រណិប័តន៍របស់ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកនៅតាមទីវត្តអារាមនានា ដែលជាកន្លែងសម្រាប់ការសិក្សាអប់រំរបស់យុវជនមកពីជនបទ និងនៅតាមទីក្រុងផងដែរ។ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ។

គួរបញ្ជាក់ថាវត្តទាំង៤ មានវត្តជាំបឹង វត្តទំនប់  
វត្តសុខាវណ្ណារាមហៅវត្តភូមិថ្មី និងវត្តធ្នួសតាព្រហ្ម   ទទួលបាននូវការប្រគេននូវទេយ្យវត្ថុរួមមាន៖ ទៀនព្រះវស្សា  អង្ករ  ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យកសាងមួយចំនួន។

You missed