ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣ នៅសាលចតុម្មុខមង្គល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលមិនទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួនមិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានមិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃការការពារផលប្រយោជន៍នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួនដែលមិនទាន់បានធ្វើ តាមដាន ពិនិត្យរកព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេស និងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដូចនេះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕
You must be logged in to post a comment.