ព្រះសីហនុ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣–
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៦៧គ្រួសារ ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ លោក លោកស្រីមន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន កាលពីរសៀលថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។
លោក អ៊ី ធារិន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ នៅក្នុងស្រុកព្រៃនប់ ។
ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសារ, ឃុំទឹកល្អក់ ៩៦គ្រួសារ, ឃុំវាលរេញ ១៤គ្រួសារ, ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ, និងឃុំសំរុងចំនួន ៧៨គ្រួសារ ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្យល់កន្ត្រាក់បង្កឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់់ បង្កហានិភ័យ និងគ្រោះថ្នាក់យ៉ាងច្រើន ។
ទន្ទឹមនោះរដ្ឋបាលខេត្តបានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុក កងកម្លាំងប្រដាប់អាវុធជួយសង្គ្រោះប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលចល័តមធ្យោបាយ និងក្រុមគ្រូពេទ្យត្រៀម បង្កានៅតំបន់រងគ្រោះដោយខ្យល់កន្ត្រាក់ ក្រែងមានអ្នករងរបួសស្នាម ។ ព្រោះខ្យល់កន្ត្រាក់រយៈពេល ៣ថ្ងៃនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល និងក៏មានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូនផងដែរ ។
ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា មានប្រជាពលរដ្ឋរបស់យើងជាង ១ ០០០ខ្នងផ្ទះ រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ហើយថ្ងៃនេះយើងបាននាំយកអំណោយសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន ៤៦៧គ្រួសារ ហើយនៅសល់ ១ ០០០គ្រួសារទៀត មិនទាន់បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន ដែលយើងនឹងធ្វើការចែកជូននៅពេលខាងមុខ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការណែនាំឱ្យសាខា ខិតខំធ្វើយ៉ាងណារៀបចំស្បៀង និងសម្ភារដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា គឺយើងធ្វើការចែកជាបន្តបន្ទាប់នៅពេលខាងមុខគឺ នៅថ្ងៃទី២៩ ខែធ្នូ ។ ឆ្នាំនេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣លើក ដោយសារទាក់ទងទៅនឹងកត្តាអាកាសធាតុ ហើយជារៀងរាល់ឆ្នាំឃុំចំនួន៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ។
នេះគឺជាគ្រោះធម្មជាតិដែលមិនអាចចៀស បានស្របនឹងភូមិសាស្ត្រតំបន់នេះ មានគ្រោះខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវបងប្អូន ក្តាប់ឱ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅឋានឱ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ បង្កជាគ្រោះថ្នាក់ និងអាចឈានដល់បាត់បង់អាយុជីវិតថែមទៀតផង ។
ដោយសារតែការប្រែប្រួលអាកាសធាតុ សូមឱ្យមន្ត្រី កងកម្លាំងរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសបន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឱ្យមានសុវត្ថិភាព ។ ទន្ទឹមនោះបងប្អូនត្រូវថែទំាសុខភាពកូនចៅរបស់ខ្លួន ត្រូវបរិភោគអាហារដែលមានអនាម័យ និងផឹកទឹកឆ្អិនឱ្យបានត្រឹមត្រូវ ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន ៤៦៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ, មី១កេស, កន្ទេល១, ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥ម៉ឺនរៀល ៕
You must be logged in to post a comment.