Tue. Jun 9th, 2026

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជ​រដ្ឋាភិបាល​បាន​កំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខា​កាម​ពល​ទាហាន​ថ្មី​វ​គ្គ​៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅ​ក្នុង​បរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកនៅត្រឹម ៤,២% ដោយ​សារ​កម្ម​វិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ការ​កើន​ឡើងដោ​យសារបញ្ហាថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យមានសម្ពោធអតិផរណា និងបានជះ​ឥទ្ធិពល​ដល់​វិស័យ​សំខាន់ៗផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហាខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​និងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី​ការ​លើក​កម្ពស់​ជីវភាព និងសុខុមាលភាពប្រជាជន និងជំរុញការ វិនិយោគសាធារណៈនានា ក្នុង​គោល​ដៅ​ទប់​លំនឹងនៃសេដ្ឋកិច្ច និងឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅងើបឡើងវិញ ដែលមាន​កំណើន​ខ្ពស់ ​ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះទាក់ទងការវិនិយោគ, រាជរដ្ឋាភិបាល​ក៏បា​ន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ តាមរយៈជំនួបធុរកិច្ចនៅតាម បណ្តាប្រទេសនានា បង្ហាញពីសក្តានុពល និង​ភាព​អំណោយ​ផល​របស់កម្ពុជា ដើម្បីស្រូបយកឱកាសវិនិយោគបន្ថែម។

យោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ បានបង្ហាញថា ក្រៅពីការអនុវត្តពន្ធគយបដិការបស់ សហរដ្ឋអាមេរិក និងជម្លោះព្រំដែនកម្ពុជ-ថៃ នៅក្នុងឆ្នាំ២០២៥, កម្ពុជាបានទទួលរងនូវព្យុះកំបុតត្បូងថ្មីមួយទៀត គឺសង្គ្រាមនៅ មជ្ឈិមបូព៌ា ដែលបង្កើនភាពមិនប្រាកដប្រជា និងហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជាមួយកម្រិតបន្ថែមទៀត។ កម្មវិបាកធំៗទាំង៣ នេះបានធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការបត់បែនគោលនយោបាយរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច ផ្នែកការទូត និងផ្នែក សង្គម។ ដើម្បីបញ្ចៀសនិងកាត់បន្ថយនូវកម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និងសេដ្ឋកិច្ច នៅក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ថាអាចសម្រេចបាន ៥% ត្រូវបានវាយ តម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាកនិងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង, ការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង និងការកើនថ្លៃថាមពលដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះឥទ្ធិពលដល់វិស័យសំខាន់ៗ តួយ៉ាងកសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

You missed

error: Content is protected !!