Tue. Jun 9th, 2026

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ ក្នុងក្របខណ្ឌអន្តរជាតិធំៗ

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ​ ក្នុងក្របខណ្ឌអន្តរជាតិធំៗចំនួន០៣ គឺក្នុងក្របខណ្ឌអង្គការយូណេស្កូ(UNESCO), អាស៊ាន(ASEAN) និងមេគង្គ-ឡាងឆាង (MLC)។

កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ ជិញ ធី ធុយ (TRINH THI THUY) អនុរដ្ឋមន្រី្តក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ និងសិល្បៈ។

ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមស្វាគមន៍ជូនចំពោះលោកជំទាវអនុរដ្ឋមន្រី្តក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដែលអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ បានរំលឹកថា កម្ពុជា និងវៀតណាម គឺជាបងប្អូន និងជាអ្នកជិតខាងដ៏ល្អដែលតែងតែជួយគ្នាទៅវិញទៅមក និងសូមចូលរួមអបអរសាទរ ចំពោះការតែងតាំងថ្មីរបស់លោកជំទាវ ឡឹម ធី ភឿង ថាញ (Lam Thi Phuong Thanh) រដ្ឋមន្រី្តក្រសួងវប្បធម៌ និងទេសចរណ៍វៀតណាម។ កិច្ចសហប្រតិបតិ្តការកន្លងមក គឺកម្ពុជា និងវៀតណាម បាននិងកំពុងពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងសិល្បៈ តាមរយៈការអនុវត្តកម្មវិធីរបស់ក្រសួងទទួលបន្ទុកវប្បធម៌ និងសិល្បៈ នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើផែនការសហប្រតិបតិ្តការស្តីពីវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧។ ក្រសួងទទួលបន្ទុកវប្បធម៌ និងសិល្បៈ នៃប្រទេសទាំងពីរ តែងតែធ្វើការផ្លាស់ប្តូរគណៈប្រតិភូ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ និងអ្នកជំនាញក្នុងព្រឹតិ្តការណ៍វប្បធម៌និងសិល្បៈជាអន្តរជាតិនានាដែលរៀបចំឡើងក្នុងប្រទេសនីមួយៗក៏បានចូលរួមជាប្រចាំ។

ទន្ទឹមគ្នានោះដែរ លោកជំទាវ ជិញ ធី ធុយ (TRINH THI THUY) បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មានបទពិសោធន៍ជាច្រើនណាស់លើកិច្ចការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ (ប្រាសាទ និងវត្ថុបុរាណ) ជាពិសេសក្នុងឆ្នាំ២០២៥ លោកជំទាវ និងគណៈប្រតិភូ បានមកបំពេញបេសកកម្ម និងធ្វើទស្សនកិច្ចនៅខេត្តសៀមរាប តាមប្រាសាទបុរាណនានា បានបង្ហាញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងជាខ្លាំង ក៏មានការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមានបទពិសោធន៍ជាច្រើនក្នុងការអភិរក្សសម្បតិ្តបេតិកភណ្ឌ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ដូច្នេះលោកជំទាវ សូមជំរុញភាគីជាមិត្តសហការយ៉ាងជិតស្និទបន្ថែមទៀតជាមួយវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ដែលកម្ពុជា កំពុងមាន ជូនដល់វៀតណាមផងដែរ។ ជាមួយគ្នានេះ លោកជំទាវ ក៏សូមអញ្ជើញគណៈប្រតិភូកម្ពុជា ទៅចូលរួមសម្តែងក្នុងព្រឹតិ្តការណ៍វប្បធម៌ធំៗ ចំនួន០២ នាចុងឆ្នាំ២០២៦នេះ គឺនៅក្នុងខែតុលា និងខែវិចិ្ឆកា។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលយកការអញ្ជើញរបស់ភាគីវៀតណាម ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ៕ អត្ថបទ រដ្ឋា

You missed

error: Content is protected !!