Wed. Mar 25th, 2026

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់បានបង្កើតច្បាប់ព្រហ្មទណ្ឌពិសេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុង​ការ​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​បាន​កំណត់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​រហូត​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេខ្លោង​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់ប​ង់​ជីវិត​នៅ​ក្នុង​មជ្ឈមណ្ឌលឆបោក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែមីនានេះថា ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹង​បង្កើត​ឲ្យ​មាន​​បទល្មើសបន្ថែមចំនួន៥ ដោយក្នុងនោះមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងកើនរហូតដល់ ៣០​ឆ្នាំ ​ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ហើយ​ច្បាប់​នេះ​នឹងត្រូ​វ​បាន​អនុម័ត​នៅ​ពេល​ខាង​មុខនេះ ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទ្រង់​ទ្រាយ​ជា​យន្តនាការ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កន្លង​មក​នេះ។​ ច្បាប់នេះនឹងចូលរួមចំណែកក្នុងការធានាថា ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នឹង​មិន​កើត​មាន​ជា​ថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួច។

ឯកឧត្តមថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ​ក្នុង​តំបន់​បាន​បង្កើត​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ​ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​ឧក្រិដ្ឋ​ជន​រហូតដល់ជាប់ពន្ធនាគារពី ៣០ឆ្នាំ ដល់អស់មួយជីវិត​ក្នុង​ករណី​មាន​បទ​ល្មើស​ផ្សេង​ទៀត​កើត​ឡើង ឬមេខ្លោងដែលបង្ក​ឲ្យមាន​ការ​បាត់​បង់​ជីវិត​នៅ​ក្នុង​បទ​ល្មើស​ឆបោក​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញផ្តល់ការពន្យល់ និងបំភ្លឺអំពីភាពចាំបាច់ និងគោលបំណងយុទ្ធសាស្ត្រនៃសេចក្តីព្រាងច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា។ តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារឱ្យកម្ពុជាមាន “ឧបករណ៍គតិយុត្តិ” ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តបទល្មើស, បទប្រមូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៕ អត្ថបទ៖ វង្ស សុភាព

error: Content is protected !!