Sat. Apr 11th, 2026

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងបញ្ចេញសៀវភៅដែលបាននិពន្ធផ្ទាល់ខ្លួនក្រោមចំណងជើងថា «ជម្នះរស់» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅម៉ោង ១០:០០ព្រឹក នៅសាលាតិចណូ ជាកន្លែងដែលក្រសួងអប់រំកំពុងប្រារព្វទិវាជាតិអំណាន។

យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ បច្ចុប្បន្នឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអ្នកនិពន្ធសៀវភៅ «ជម្នះរស់» នឹងអញ្ជើញមកចូលរួមធ្វើជាវាគ្មិនកិត្តិយស នៅក្នុងពិធីសម្ភោធសៀវភៅនិងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «ជម្នះរស់»នេះទៀតផង។

សូមបញ្ជាក់ថា សៀវភៅ «ខៀវ កាញារីទ្ធ ៖ ជម្នះរស់» គឺជាវណ្ណកម្មដែលរៀបរាប់ ពីខ្សែជីវិត របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ផង, ការពិពណ៌នាអំពីព្រឹត្តិការណ៍សង្គម និងនយោបាយ សំខាន់ៗមួយចំនួន របស់កម្ពុជាក្នុងអតីតកាលក្រោមក្រសែភ្នែករបស់ឯកឧត្តម ខៀវ កាញារីទ្ធផង។

នៅក្នុងសៀវភៅ«ជម្នះរស់» ស្មេរបានលើកឡើងថា «ខ្ញុំមិនសោកស្ដាយអតីតកាលរបស់ខ្ញុំទេ។ បើសិនជាមានគេមកប្រាប់ខ្ញុំ ថា ឯងអាចបង្វិលពេលវេលាថយក្រោយវិញបាន ហើយធ្វើរឿងអ្វីមួយសារជាថ្មីឡើងវិញ ខ្ញុំនឹងឆ្លើយថា ទេ! ខ្ញុំមិនចង់បានទេ!»។

សូមរម្លឹកថា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) នេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំទិវាជាតិអំណានលើកទី១២ ឆ្នាំ២០២៦នេះ ដោយមានដាក់បង្ហាញសៀវភៅថ្មីៗ និងល្បីជាច្រើនពីអ្នកនិពន្ធជើងចាស់និងអ្នកនិពន្ធជំនាន់ថ្មីរបស់យើង

ដោយបើកទ្វារជូនសាធារណជនទូទៅចូលអានដោយសេរីដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃពេញ ចាប់ពីថ្ងៃទី ១១-១២-១៣-១៤-១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់៕

You missed

error: Content is protected !!