Fri. Mar 6th, 2026

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖ ការផ្គត់ផ្គង់ និងថ្លៃអគ្គិសនី មិនប៉ះពាល់ឡើយទោះតម្លៃប្រេងហក់ឡើងក៏ដោយ

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺ​មិន​ប៉ះ​ពាល់​ដ​ល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពល​ពន្លឺ​ព្រះអាទិត្យ​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នក​យក​ព័ត៌មាន​នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុន​កម្ពុជា​មាន​រោង​ចក្រ​ប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាព​រីក​ចម្រើន​ក្នុង​រយៈ​ពេល​នា​ប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់ថាមពលបៃតង ដែល​មាន​ប្រភព​ពី​វារី​អគ្គិសនី និងការថាមពលពន្លឺព្រះអាទិត្យជាដើម, ជាក់ស្តែងប្រទេសនៅក្នុងអាស៊ាន កម្ពុជា​ជាប់​លំដាប់​ទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានកម្រិតថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ។

ឯកឧត្តម បន្តឱ្យដឹងថា ទាក់ទិនថាមពលបៃតងនេះ នៅក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​ប្រើ​ប្រាស់​ថាមពល​បៃតង​ប្រមាណ ៦៣% និង នៅក្នុងឆ្នាំ២០២៦ នេះ ការប្រើប្រាស់​ថាមពល​បៃតង​នៅ​កម្ពុជា​ នឹងអាចកើនឡើងដល់ ៦៧% និងមានផែនការឆ្នាំ២០៣០ មានក្នុងរង្វង់ ៧០% ដែល​ជា​អត្រា​ថាមពល​បៃតងមួយខ្ពស់នៅក្នុងពិភពលោក។ ដែលបញ្ហានេះ មិនមែនកើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺដោយសារការអភិវឌ្ឍរបស់សម្តេចតេជោពីអតីតកាល។ ឯកឧត្តម បន្ថែមថា ចំពោះ​សភាពការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យប៉ះពាល់តម្លៃប្រេងលើទីផ្សារ ក្នុង​នោះសម្រាប់ថាមពលអគ្គិសនីនៅកម្ពុជា គឺមិនមានកត្តាណាមួយប៉ះពាល់នោះឡើយ ទាំង​ការ​ផ្គត់​ផ្គង់ និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។

ជុំវិញថាមពលនេះ ឯកឧត្តម កែវ រតនៈក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដែល​កំពុង​ធ្វើ​ការ​វិនិយោគនៅព្រះរាជា ណាចក្រកម្ពុជា សូមកុំមានការបារម្ភអំពីការកង្វះថាមពល និង​ថ្លៃ​ប្រើ​ប្រាស់អគ្គិសនីជាដើម។ ឯកឧត្តមបន្ថែមថា ទាក់ទងបញ្ហាអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ក៏​ជា​ការ​បើកផ្លូវដល់បងប្អូនប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ខណៈ​កម្ពុជា​មិន​មាន​រោង​ចក្រ​ប្រើ​ប្រាស់​ប្រេង​ឡើយ, ស្របពេលនេះដែរ ក្រសួងក៏បានរៀបចំផែនការ ដាក់​ពង្រាយ​ស្ថានីយ៍​សាក​រថយន្ត​អគ្គិសនីទូទាំងប្រទេស នៅក្នុងគម្រោងចំណាយថវិកាបន្ថែម ប្រមាណជាង ១០ លាន​ដុល្លារ ​ដើម្បីជំរុញបង្កើតស្ថានីយ៍សាកនៅទូទាំងប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី

You missed

error: Content is protected !!