
ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៧ដល់១៨ខែកុម្ភៈ ភ្ញៀវទេសចរណ៍ប្រមាណជាង៦ម៉ឺននាក់ មកលេងកម្សាន្តតាមរមនីយដ្ឋាននានានៅខេត្តបាត់ដំបងដោយភាគច្រើនទៅលេងតំបន់ដែលមានទឹកលេងកម្សាន្ត នេះបើតាមមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងឱ្យដឹង។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលចុះត្រួតពិនិត្យ នៅតាមរមនីយដ្ឋាននានាជាប្រចាំ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមពីរថ្ងៃនេះ ភ្ញៀវទេសចរបានសម្រុកទៅលេងនៅរមនីយដ្ឋានប្រាសាទបាណន់ ភ្នំសំពៅ និងពិសេស ភ្ញៀវភាគច្រើនបាន សម្រុកទៅលេងរមនីយដ្ឋានដែលមានតំបន់ទឹកសម្រាប់លេងកម្សាន្ត ។ រមនីយដ្ឋានតំបន់ដែលមានទឹកទាំងនោះ មានដូចជា រមនីយដ្ឋានចម្ការស្វាយ កំពីងពួយ ចម្ការស្វាយ កំពង់ទូកមានជ័យ ស្ទឹងក្រញូង ចម្ការទុរេនអូតង ស្ទឹងថ្វាក និងអូរទទាជាដើម ។ លោកបានបញ្ជាក់ថា ភ្ញៀវសម្រុកទៅលេងតំបន់ដែលមានទឹកនេះ ដោយសាររដូវកាលនេះ តំបន់ជាប់ប្រភពទឹក គឺមានសម្រស់ស្រស់ស្អាត ពិសេសប្រភពទឹកស្ទឹងសង្កែប៉ែកខាងលើមានសភាពរាក់ និងមានទឹកថ្លាអាចមើលឃើញដុំថ្មតូចៗ ក្រាលបាតស្ទឹង ហើយពួកគាត់អង្គុយទទួលទានអាហារ ស្រូបខ្សល់អាកាស និងលេងទឹកកម្សាន្តសប្បាយនៅទីនោះ។ មន្រ្តីខាងលើបញ្ជាក់ថា តាមរមនីយដ្ឋានទេសចរណ៍នានា មានការគ្រប់គ្រង អនាម័យ សណ្តាប់ធ្នាប់ បរិស្ថានបានល្អ ដោយមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ កងកម្លាំង តាមបណ្តាស្រុក និងប្រជាការពារ ដោយធ្វើការសម្អាតអនាម័យជាប្រចាំ នឹងមានការចូលរួមពីប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ត ។ ពួកគាត់មានការយកចិត្តទុកដាក់ និងយល់ដឹងច្រើនពីអនាម័យបរិស្ថាន ដោយពួកគាត់ឈប់សម្រាកកន្លែងណា តែងតែ វេចខ្ចប់បានល្អ មិនបោះចោលរាយប៉ាយកាកសំណល់ដូចមុននោះទេ ។ តាមរបាយការណ៍មន្ទីរទេសចរណ៍ឱ្យដឹងថា រយៈពេល២ថ្ងៃ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៦០ ៧០៤ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ៧៥៥ នាក់ បានដើរលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា នៅក្នុងខេត្តបាត់ដំបង ៕















You must be logged in to post a comment.