
វិស័យឯកជនគាំទ្រការកែសម្រួលគោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលនឹងជួយឱ្យអ្នកមានប្រាក់ចំណូលកម្រិតទាបនិងមធ្យម មានផ្ទះរស់នៅសមរម្យ
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំនិងកែសម្រួលសេចក្តីព្រាង«គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដែលជាគោលនយោបាយថ្មីមួយ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់លទ្ធភាពដល់អ្នកមានប្រាក់ចំណូលកម្រិតទាប និងមធ្យម មានផ្ទះរស់នៅសមរម្យ។ អ្នកនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានគាំទ្រការកែសម្រួលគោលនយោបាយថ្មីនេះ ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យកាន់តែច្រើន ហើយអ្នកមានប្រាក់ចំណូលទាប់កាន់តែច្រើនអាចមានលំនៅឋានផ្ទាល់ខ្លួនរស់នៅសមរម្យ។
ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ទីស្តីការក្រសួង។នេះបើតាមសេចក្តីប្រកសព័ត៌មានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
នេះគឺជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្មជំនួសឱ្យ“គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។
«គោលនយោបាយ អភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន។
“គោលនយោបាយថ្មី” នេះ មានគោលបំណងដើម្បីផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និង ក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត; កម្មករនិយោជិត; និង អ្នកធ្វើចំណាកស្រុក។
គោលនយោបាយថ្មី” នេះ ក៏មានគោលបំណង ដើម្បី ជំរុញការអភិវឌ្ឍនគរូបនីយកម្ម។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ការកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» គឺជាជំហានវិជ្ជាមាន និងសមស្របទៅនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ចបច្ចុប្បន្ន។
លោកថា គោលនយោបាយនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំនៅឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងជួយបង្កើនភាពស្មើភាពសង្គម និងស្ថិរភាពទីក្រុង។ ការកែសម្រួលឱ្យមានភាពច្បាស់លាស់អាចអនុវត្តន៍បាន និងសមស្របនឹងទីផ្សារពិតគឺជាចំណុចសំខាន់ដែលនឹងជួយឱ្យគោលនយោបាយនេះមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លោក សន សៀប មានប្រសាសន៍ថា៖ «ការកែសម្រួលគោលនយោបាយនេះ អាចជួយជំរុញវិស័យសំណង និងអចលនទ្រព្យបានយ៉ាងសំខាន់តាមរយៈការបង្កើនតម្រូវការលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ។វានឹងបង្កើតឱកាសថ្មីសម្រាប់អ្នកអភិវឌ្ឍន៍គម្រោង វិនិយោគិន និងអ្នកពាក់ព័ន្ធនៅក្នុងខ្សែច្រវ៉ាក់សំណងទាំងមូល។ លើសពីនេះ វាអាចជួយឱ្យទីផ្សារអចលនទ្រព្យមានសមតុល្យល្អជាងមុន កាត់បន្ថយផ្គត់ផ្គង់លំនៅឋានលើសតម្រូវការ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមសមត្ថភាពពិតប្រាកដរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិយើង»។
អ្នកឧកញ៉ា សំ សុខនឿន គឺជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានស្វាគមន៍ចំពោះការរៀបចំកែសម្រួល
សេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ដែលនឹងជួយឱ្យការអភិវឌ្ឍគម្រោងលំនៅឋានកើនឡើង។ ជាពិសេស ការរីកចម្រើនលើការអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ។
អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ចំពោះខ្ញុំ អ្នកដែលប្រឡូកក្នុងវិស័យអចលនទ្រព្យ ហើយខ្ញុំតែងតែបាននិយាយជារឿយៗអ្នកទាក់ទងនឹងតម្លៃផ្ទះសមរម្យនេះថា កម្ពុជារបស់យើងនៅតែមានតម្រូវការ។ ខ្ញុំសប្បាយចិត្តមែននៅពេលលឺដំណឹងថាក្រសួងមានគោលនយោបាយថ្មី ដើម្បីជួយសម្រួលទៅដល់ការអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យ ព្រោះគ្មានអ្វីល្អប្រសើរជាងមានលំនៅឋានសម្រាប់រស់នៅនោះទេ»។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ “សេចក្តីព្រាងគោលនយោបាយ” នេះបានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយឆ្នាំ២០១៧ រួមមាន៖
ទី-១ ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ,និង វិស័យឯកជន។
ទី-២ ការបន្ថែមជម្រើសហិរញ្ញប្បទាន និង យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃ សមរម្យកម្មសិទ្ធិនិង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល។
ទី-៣ ការកែតម្រូវ និង ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង អតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និងទី-៤ ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង ។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និង ជួល) “គោលនយោបាយថ្មី” នេះ ក៏បានកំណត់ ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និង អាចអនុវត្តបាន៕




You must be logged in to post a comment.