Wed. Feb 5th, 2025

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ទទួលបាន ព័ត៌មានតាមរយៈ គណនីហ្វេសបុក ដោយបានបង្ហោះវីដេអូ មានខ្លឹមសារថា “ក្រុងបាវិត វៃគ្នាសឹងរាល់ថ្ងៃអនាធិបតេយ្យនៅមុខប្រៃសណីយ៍ នៅម៉ោង ៤:០០ព្រឹក ថ្ងៃទី២៥.០១.២០២៥”។

ក្រោយពីបានទទួលបានព័ត៌មាន រួចមកមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងអោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយលោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណក្មេងទំនើង ដែលបានបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀត ព្រមទាំងបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ប្រុស និងដកហូតវត្ថុតាង៖ ម៉ូតូ ០៣គ្រឿង ដាវ ០១ដើម កាំបិតផ្គាក់ ០១ដើម និងកាំបិត ០១ដើម។

នៅចំពោះមុខសមត្ថិកិច្ច ក្មេងទំនើងទាំង ០៨នាក់ បានឆ្លើយសារភាពថាបក្សពួកខ្លួន ពិតជាបានបង្កហិង្សាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅក្រុងបាវិត ពិតប្រាកដមែន។

បច្ចុប្បន្ន ក្មេងទំនើងទាំង ០៨នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត រួចហើយ។

You missed