Sun. Sep 22nd, 2024

(ភ្នំពេញ)៖ ជនត្រូវចោទឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ត្រូវបានក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទៈរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ក្រោយពីបានកិបកេងដកហូតលុយក្រុមហ៊ុនអស់ប្រមាណជិត២ម៉ឺនដុល្លារ ដែលបានប្រព្រឹត្តិនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

ក្រោយពីទទួលបានបណ្ដឹងរបស់ក្រុមហ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ៤២៧៦ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ទៅចៅក្រមស៊ើបដោយចោទប្រកាន់ជាផ្លូវការលើឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ឲ្យក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដពីបទៈរំលោភលើទំនុកពិសេស ដោយអភិបាល ប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។
បច្ចុប្បន្នសំណុំរឿងនេះកំពុងដំណើរការនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យចូលខ្លួនលើឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ ឲ្យចូលឆ្លើយដំណើររឿង ដែលពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌខាងលើ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។

ទោះបីយ៉ាងណាជនត្រូវចោទខាងលើ មិនបានចូលខ្លួនឆ្លើយតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរឡើយរហូតមកទល់ពេលនេះ ជាពិសេសកំពុងស្ថិតនៅក្រៅឃុំហាក់បីដូចជាប្រងើយ កន្តើយគ្មានខ្លាចញញើតនឹងសំណាញ់ច្បាប់សោះ ហើយនៅតែបន្តគេចវេសមិនចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនដដែលទង្វើរបស់ជនត្រូវចោទពិតជាធ្វើឲ្យខូចប្រយោជន៍ និងប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។ ជុំវិញករណីនេះតំណាងក្រុមហ៊ុនបន្តទទូចស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ជាពិសេសលោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មេត្តាជម្រុញ និងពន្លឿននីតិវិធី ព្រមទាំងចេញចាប់ជនត្រូវចោទខាងលើយកមកផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសូមធ្វើការពិចារណាថាតើតុលាការគួរបណ្ដែតបណ្ដោយឲ្យជនល្មើសខាងលើស្ថិតនៅក្រៅសំណាញ់ច្បាប់ បន្តមានឱកាសដើរប្រព្រឹត្តិបទល្មើសធ្វើឲ្យខូចប្រយោជន៍បុគ្គលដ៏ទៃ ជាពិសេសភាគីក្រុមហ៊ុនទទួលរងនូវភាពអយុត្តិធម៌ និងខូចស្ដាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរដល់សង្គមយ៉ាងធ្ងន់ធ្ងរ។

គួររំលឹកផងដែរថា,បើយោងតាមពាក្យបណ្ដឹងកាលពីឆ្នាំ២០២៣បានឲ្យដឹងថា ឈ្មោះ យ៉ាត រតនា កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដើម្បីនាំយកលក់ផលិតផលប្រភេទគ្រឿងបន្លាស់រថយន្តទៅចែកចាយនៅតាមបណ្ដាខេត្តក្រុង និងប្រមូលប្រាក់ពីអតិថិជនដែលបានបញ្ជាគ្រឿងបន្លាស់ពីក្រុមហ៊ុន អំឡុងពេលចុះលក់ក្រុមហ៊ុនសង្កេតឃើញថាទឹកប្រាក់បង្វិលចូលក្រុមហ៊ុនមានភាពយឺតយ៉ាវខុសប្រក្រតី ដោយមានការសង្ស័យក្រុមហ៊ុនបានចុះត្រួតពិនិត្យនិងសួរនាំជាមួយអតិថិជនដោយផ្ទាល់ ហើយបញ្ជាក់ប្រាប់ថាខ្លួនបានទូរទាត់ប្រាក់ឲ្យទៅបុគ្គលិករួចហើយ បន្ទាប់ពីតាមដានរួចក្រុមហ៊ុនបានហៅអតីតបុគ្គលិកខាងលើមកសួរនាំ និងបានសារភាពថាខ្លួនពិតជាបានកិបកេងដកលុយក្រុមហ៊ុនយ៉ាងពិតប្រាកដមែន ហើយបានផ្ទៀងផ្ទាត់វិក័យបត្រជាក់ស្ដែងឃើញថាទឹកប្រាក់ដែលឈ្មោះ យ៉ាត រតនា បានដកមានចំនួនៈ14,489,2$  ដោយមានយោគយល់លើមនោសញ្ចេតនាកន្លងមកក្រុមហ៊ុននៅតែឲ្យអតីតបុគ្គលិករូបនោះបន្តធ្វើការដើម្បីរំលស់ប្រាក់ដែលបានលួចដក ប៉ុន្តែមិនបានប៉ុន្មានខែផងបុគ្គលិករូបនោះបន្តលួចយកផលិតផលផលពីក្រុមហ៊ុនផ្សេងៗទៅចែកចាយឲ្យអតិថិជនរបស់ខ្លួន ដោយឃើញថាមិនចេះកែខ្លួនមានចេតនាទុច្ចរិត មិនស្មោះត្រង់ ទើបក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ពីការងារតែម្ដង ។

ក្នុងបណ្ដឹងដដែលឲ្យដឹងទៀតថា, បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារបុគ្គលិករូបនោះពុំដែលបានទូរទាត់ប្រាក់មកឲ្យក្រុមហ៊ុនម្ដងណាឡើយ ដោយឃើញរោគសញ្ញាទុច្ចរិតក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅកាន់កងរាជអាវុធហត្ថភ្នំពេញ  ទើបអតីតបុគ្គលិកខាងលើចូលខ្លួនដោះស្រាយក្រោយពីកងរាជអាវុធហត្ថក្រុងចេញលិខិតកោះហៅចំនួន២លើក និងបានទូរទាត់ប្រាក់មកឲ្យក្រុមហ៊ុនបានចំនួនៈ5200$ប៉ុណ្ណោះ ចំពោះប្រាក់ដែលនៅសល់ប្រមាណជិត១ម៉ឺនដុល្លារទៀតអតីតបុគ្គលិករូបនោះបន្តគេចវេសមិនចូលខ្លួនដោះស្រាយ ទើបក្រុមហ៊ុនសម្រេចចិត្តបន្តដាក់ពាក្យបណ្ដឹងទៅកាន់សាសាដំបូងភ្នំពេញតែម្ដង៕

You missed