
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។
តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លារ និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាង ខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ Systerm បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាមដែលបានក្លែបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គម្រោមចាប់ខ្លួនជនរងគ្រោះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ជៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា៕




You must be logged in to post a comment.