
ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ៤ ហិកតា ដែលរងការកាប់ទន្ទ្រានថ្មី នៅតំបន់អូរចម្លងតៃ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ដោយទទួលបានបទបញ្ជាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកច្ចជំនាញរដ្ឋបាលព្រៃឈេីបានចុះទៅពិនិត្យស្ថានភាពកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ នៅតំបន់អូរចម្លងតៃ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាតំបន់ព្រៃឈើបម្រុងទុករបស់រដ្ឋ ។
លោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ និងលោក អ៊ា គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានបញ្ជាក់ថា៖ ដីព្រៃឈើបម្រុងទុករបស់រដ្ឋនៅក្នុងតំបន់អូរចម្លងតៃនេះ ត្រូវបានរងការកាប់ទន្ទ្រានប្រមាណ ១៨ ហិកតា ។ ក្នុងនោះផ្ទៃដីប្រមាណ ១៤ ហិកតា ត្រូវបានរងការលួចកាប់ទន្ទ្រាននិងដាំដើមស្វាយចន្ទីអស់រយៈពេលប្រមាណជាង ២ ឆ្នាំកន្លងមកហើយ ។ ហើយផ្ទៃដីចំនួន ១៤ ហិកតានេះ បានប្ដឹងទៅតុលាការនិងបានចេញដីកាដកហូតរួចហើយ។ ដោយឡែកផ្ទៃដីដែលរងការកាប់ទន្ទ្រានព្រៃឈើថ្មីចំនួន ៤ ហិកតា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់បន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើដោយក្រុមជនល្មើសលួចកាប់ទន្ទ្រាន ដោយគ្មានការសោកស្ដាយ និងដោយមិនមានការខ្លាចរអែងចំពោះមុខច្បាប់ឡើយ ទោះបីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ រួមជាមួយកងកម្លាំងកម្រុះប្រចាំការនៅទីបញ្ជាការស្រាលនីមួយៗបានណែនាំ និងផ្សព្វផ្សាយរួចហើយក្តី ។ ជាមួយនោះដែរមេខ្លោងកាប់ទន្ទ្រានព្រៃឈេីនៅតំបន់អូរតាលោកដែលនៅជិតនេះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសរួចហើយក៍ដោយ តែក្រុមជនល្មើសនៅតែប្រព្រឹត្តិមិនរៀងចាល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ការកាប់ទន្ទ្រានព្រៃឈើចំនួន ១៤ ហិកតា គឺបានកើតឡើងជាងពីរឆ្នាំកន្លងទៅហើយ គឺនៅមុនពេលដែលកងកម្លាំងចម្រុះរបស់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិចេញធ្វើសកម្មភាព។ ដោយឡែកការកាប់ទន្ទ្រានចំនួន ៤ ហិតាថ្មីនេះ ជារបៀបកាប់ពង្រីកក្បាលចំការ និងធ្វើជារៀងរាល់ឆ្នាំ ។ ដូច្នេះ សំណូមពរសមត្ថកិច្ចជំនាញត្រូវតែវែករកមុខសញ្ញាដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ បានបោះស្លាកសញ្ញាហាមឃាត់ បង្ហាញថា ដីដែលបានកាប់ទន្ទ្រាននៅតំបន់អូរចម្លងតៃ ដែលជាដីបម្រុងទុករបស់រដ្ឋនេះ ត្រូវបានប្ដឹងទៅតុលាការរួចហើយ និងបានសំណូមពរដល់ប្រជាពលរដ្ឋផ្សេងទៀតមេត្តាកុំចូលកាប់ទន្ទ្រានព្រៃឈើបង្រុងទុករបស់រដ្ឋបន្តទៅទៀត នាំឲ្យមានទុក្ខទោសដល់ខ្លួន និងលំបាកដល់ក្រុមគ្រួសារ ។











You must be logged in to post a comment.